យោងតាមការបកស្រាយពីប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ កាលពីថ្ងៃទី៩ មីនា លោកមិនបានធ្វើការគំរាមកំហែងឡើងវិញទៅកាន់លោក Mojtaba Khamenei ដែលទើបតែត្រូវបានតែងតាំងជាមេដឹកនាំកំពូលថ្មីរបស់អ៊ីរ៉ង់។

ក្នុងអត្ថាធិប្បាយដែលចេញផ្សាយដោយ New York Post លោកត្រាំបានបញ្ជាក់ថា ទោះបីជាលោកមិនពេញចិត្តជាមួយការជ្រើសរើសលោក Mojtaba កូនប្រុសទី២របស់អាយ៉ាតូឡា Ali Khamenei ដែលបានស្លាប់ក្នុងការវាយប្រហារផ្លូវអាកាសកាលពីថ្ងៃទី២៨ កុម្ភៈកន្លងមក ក៏លោកមិនបានធ្វើការគំរាមថានឹងសម្លាប់មេដឹកនាំថ្មីនេះឡើងវិញដែរ។

លោកត្រាំបានព្រមានពីមុនថា មេដឹកនាំថ្មីរបស់អ៊ីរ៉ង់ត្រូវតែទទួលបានការយល់ព្រមពីសហរដ្ឋអាមេរិក បើមិនដូច្នោះទេ ការកាន់តំណែងនឹងមិនយូរឡើយ។ កាលពីសប្ដាហ៍មុន លោកបានទាមទារឲ្យមានការចូលរួមក្នុងដំណើរការជ្រើសរើសមេដឹកនាំអ៊ីរ៉ង់។

ចំណែកឯលោក Ali Larijani លេខាធិការក្រុមប្រឹក្សាសន្តិសុខជាតិជាន់ខ្ពស់អ៊ីរ៉ង់ បានសរសេរនៅលើ X ថា ការជ្រើសរើសលោក Mojtaba បានធ្វើឲ្យសត្រូវនិងឈ្លានពានធ្លាក់ចូលទៅក្នុងភាពអស់សង្ឃឹម។ ប្រជាជនអ៊ីរ៉ង់រាប់ពាន់នាក់បានប្រមូលផ្ដុំគ្នានៅទីក្រុងតេហេរ៉ង់ ដើម្បីស្បថភក្ដីភាពចំពោះមេដឹកនាំថ្មី។
