
រាជធានីភ្នំពេញ៖ នាព្រឹកថ្ងៃចន្ទ ទី៩ ខែមីនា ឆ្នាំ២០២៦ ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានជួបពិភាក្សាការងារជាមួយឯកឧត្តម ដូមីនិក វីល្លៀម ឯកអគ្គរាជទូតចក្រភពអង់គ្លេសប្រចាំកម្ពុជា និងបានចុះអនុស្សរណៈនៃការយោគយល់គ្នា (MoU) ជាមួយលោក Jonathan Ledger តំណាងឱ្យភាពជាដៃគូជំនាញរបស់ចក្រភពអង់គ្លេស (UK Skills Partnership-UKSP)។

ឯកឧត្តម ហេង សួរ បានសម្តែងការស្វាគមន៍កក់ក្តៅ និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះការគាំទ្រយូរអង្វែងរបស់ចក្រភពអង់គ្លេសដល់កម្ពុជា ក្នុងវិស័យអភិបាលកិច្ចការងារ អភិវឌ្ឍធនធានមនុស្ស តាមរយៈអាហារូបករណ៍ ការការពារពលករចំណាកស្រុក ការគាំទ្រផ្នែកគោលនយោបាយ និងការបណ្តុះបណ្តាលវិជ្ជាជីវៈ។

ឯកឧត្តម ដូមីនិក វីល្លៀម បានសម្តែងសេចក្ដីរីករាយចំពោះការចុះ MoU នេះ ដោយលើកឡើងថា ការអប់រំមានសារៈសំខាន់ណាស់សម្រាប់ដំណើរការអភិវឌ្ឍន៍របស់ប្រទេសកម្ពុជា។ នៅពេលដែលការចាកចេញពី LDC នៅពេលខាងមុខ វាមានសារៈសំខាន់ណាស់ក្នុងការលើកកម្ពស់កម្រិតជំនាញ ជាពិសេសដើម្បីបង្កើនផលិតភាពរបស់កម្លាំងពលកម្ម។

តាមរយៈ MoU នេះ កម្ពុជានឹងអាចស្វាគមន៍អ្នកជំនាញ កម្មវិធីអភិវឌ្ឍជំនាញ ក៏ដូចជាការភ្ជាប់ជាមួយអ្នកជំនាញ និងស្ថាប័នលំដាប់ពិភពលោកបន្ថែមពីចក្រភពអង់គ្លេសមកកម្ពុជា។ MoU មានរយៈពេលបីឆ្នាំ និងមានគោលបំណងពង្រឹងកិច្ចសហប្រតិបត្តិការរវាងភាគីទាំងពីរ ក្នុងវិស័យ TVET និងជំនាញ។

ឯកឧត្ដមរដ្ឋមន្ត្រីជឿជាក់យ៉ាងមុតមាំថា កិច្ចសហការនេះនឹងជួយលើកកម្ពស់គុណភាពនៃការបណ្តុះបណ្តាល TVET និងគុណភាពជំនាញកម្ពុជា ដែលអាចឆ្លើយតបទៅនឹងតម្រូវការរបស់វិស័យឯកជន និងគាំទ្រដល់កម្រិតនៃការអភិវឌ្ឍសេដ្ឋកិច្ច។

MoU នេះគ្របដណ្តប់លើកិច្ចសហប្រតិបត្តិការដែលផ្តល់ផលប្រយោជន៍រួម និងមាននិរន្តរភាពផ្នែកហិរញ្ញវត្ថុ ដូចជាការជំរុញការផ្លាស់ប្តូរគំនិត និងបទពិសោធ តាមរយៈកិច្ចពិភាក្សា ដើម្បីឱ្យភាគីទាំងពីរចែករំលែកជំនាញ និងបទពិសោធ។

កិច្ចសហប្រតិបត្តិការនេះនឹងជួយអភិវឌ្ឍធនធានមនុស្ស ជំរុញកំណើនសេដ្ឋកិច្ចជាតិ និងលើកកម្ពស់សុខុមាលភាពរបស់ប្រជាពលរដ្ឋ។

ភាគីទាំងពីរមានបំណងពង្រឹងកិច្ចសហប្រតិបត្តិការទ្វេភាគី និងគាំទ្រគ្នាទៅវិញទៅមក ក្នុងការផ្តល់អប់រំ និងបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ (TVET) និងការអភិវឌ្ឍជំនាញ។

