ភ្លើងសង្គ្រាមរវាងសហរដ្ឋអាមេរិក និងអ៊ីរ៉ង់ហាក់ដូចជាកំពុងឈានចូលដំណាក់កាលចុងក្រោយ បន្ទាប់ពីប្រធានាធិបតីដូណាល់ ត្រាំប្រកាសថា សង្គ្រាមនឹងចប់ឆាប់ៗ ប៉ុន្តែមិនមែនក្នុងសប្តាហ៍នេះទេ។

ក្នុងសន្និសីទកាសែតនៅរដ្ឋហ្វ្លរីដា កាលពីថ្ងៃចន្ទទី៩ ខែមីនា លោកត្រាំបានបញ្ជាក់ថា អាមេរិកកំពុងដាក់ពង្រាយកងទ័ពក្នុងកម្រិតតូច ដើម្បីកម្ចាត់អំពើអាក្រក់ចេញពីតំបន់។ លោកអះអាងថា នេះគ្រាន់តែជាប្រតិបត្តិការរយៈពេលខ្លី ហើយសង្គ្រាមនឹងចប់ជាស្ថាពរឆាប់ៗនេះ។
លោកត្រាំបានពន្យល់បន្ថែមថា សមត្ថភាពយោធារបស់អ៊ីរ៉ង់ត្រូវបានបំផ្លិចបំផ្លាញយ៉ាងខ្លាំង ដោយបាត់បង់ទាំងកងទ័ពជើងទឹក ប្រព័ន្ធទំនាក់ទំនង និងកម្លាំងទ័ពអាកាស។ ប្រតិបត្តិការនេះដំណើរការលឿនជាងការគ្រោងទុក ដែលដំបូងលោកស្មានថាត្រូវចំណាយពេល១ខែ ប៉ុន្តែឥឡូវអ្វីៗហាក់ដូចជាជិតរួចរាល់។

សម្តីលោកត្រាំកើតឡើងមួយថ្ងៃប៉ុណ្ណោះបន្ទាប់ពីរដ្ឋមន្ត្រីក្រសួងសង្គ្រាម Pete Hegseth ធានាថា អ៊ីរ៉ង់នឹងចុះចាញ់ ហើយព្រមតាមលក្ខខណ្ឌរបស់អាមេរិក។ លោក Hegseth បានបញ្ជាក់យ៉ាងច្បាស់ក្នុងកម្មវិធី 60 Minutes ថា អាមេរិកគឺជាអ្នកកំណត់លក្ខខណ្ឌ ហើយអ៊ីរ៉ង់នឹងគ្មានជម្រើសក្រៅពីចុះចាញ់។
ការអះអាងទាំងនេះកើតឡើងស្របពេលអ៊ីរ៉ង់ជ្រើសតាំងកូនប្រុសរបស់លោក Ayatollah Ali Khamenei ឈ្មោះ Mojtaba ឲ្យឡើងកាន់តំណែងជាមេដឹកនាំកំពូលជាផ្លូវការ។ កូនប្រុសទី២របស់លោក Khamenei បានក្លាយជាមេដឹកនាំកំពូលអ៊ីរ៉ង់ទី៣ ក្រោយឪពុករបស់ខ្លួនត្រូវបានអ៊ីស្រាអែលធ្វើឃាត។
អត្ថបទ៖ សុខ សុវណ្ណ
