អ្នកជំនាញសង្គ្រាមនុយក្លេអ៊ែរបានបង្ហាញថា មានតែប្រទេសពីរប៉ុណ្ណោះនៅលើភពផែនដីដែលអាចរស់រានមានជីវិតបាន ប្រសិនបើមានសង្គ្រាមនុយក្លេអ៊ែរកើតឡើងពិតប្រាកដ។

លោកស្រី Annie Jacobsen អ្នកនិពន្ធសៀវភៅ «សង្គ្រាមនុយក្លេអ៊ែរ៖ សេណារីយ៉ូ» បានពន្យល់ថា អូស្ត្រាលី និងនូវែលសេឡង់ គឺជាប្រទេសតែមួយគត់ដែលអាចទ្រទ្រង់វិស័យកសិកម្មបន្តបាន បន្ទាប់ពីសង្គ្រាមនុយក្លេអ៊ែរ។
គេហទំព័រព័ត៌មាន Unilad និងទស្សនាវដ្ដី Nature បានបញ្ចាក់ថា សូម្បីតែសង្គ្រាមនុយក្លេអ៊ែរតូចបំផុត ក៏អាចសម្លាប់មនុស្សរាប់ពាន់លាននាក់ ហើយនឹងបញ្ជូនធូលីចូលទៅក្នុងបរិយាកាសផងដែរ។

«កម្ទេចកម្ទីសំណល់នុយក្លេអ៊ែរទាំងនោះនឹងរារាំងពន្លឺព្រះអាទិត្យ ដែលនាំមកនូវឆ្នាំនៃរដូវរងានុយក្លេអ៊ែរ» លោកស្រីបានពន្យល់។ នេះនឹងបន្ថយសីតុណ្ហភាព និងបំផ្លាញសមត្ថភាពរបស់ភពផែនដីភាគច្រើនក្នុងការដាំដុះ និងផលិតអាហារ។
ភាពឯកោរបស់ប្រទេសទាំងពីរ និងការហ៊ុំព័ទ្ធដោយទឹក គឺជាកត្តាសំខាន់ដែលអាចការពារពួកគេពីការផ្លាស់ប្តូរនុយក្លេអ៊ែរដ៏អាក្រក់បំផុត។ ប៉ុន្តែទោះជាយ៉ាងណា ប្រជាជននៅក្នុងប្រទេសទាំងនេះនឹងត្រូវបង្ខំរស់នៅក្រោមដី និងតស៊ូដើម្បីអាហារ។

ការព្យាករណ៍នេះត្រូវបានធ្វើឡើងនៅក្នុងបរិបទនៃជម្លោះដែលកំពុងកើនឡើងនៅមជ្ឈិមបូព៌ា ដែលអាចនាំឱ្យមានការប្រើប្រាស់អាវុធនុយក្លេអ៊ែរ។
អត្ថបទ៖ សាង ស្រីល័ក្ខ
