សហរដ្ឋអាមេរិក៖ លោក ដូណាល់ ត្រាំ ប្រធានាធិបតីអាមេរិក បានជំរុញឱ្យអូស្ត្រាលីផ្តល់សិទ្ធិជ្រកកោនដល់ក្រុមបាល់ទាត់ជម្រើសជាតិនារីអ៊ីរ៉ង់ ដោយដាក់សម្ពាធថា សហរដ្ឋអាមេរិកនឹងទទួលយកពួកគេប្រសិនបើអូស្ត្រាលីមិនព្រមធ្វើដូច្នោះ។

ការលើកឡើងរបស់លោកត្រាំកើតឡើងក្រោយមានការភ័យខ្លាចថា ក្រុមនារីអ៊ីរ៉ង់អាចប្រឈមមុខនឹងការបៀតបៀន ឬគ្រោះថ្នាក់អាយុជីវិត បើពួកគេវិលត្រឡប់ទៅប្រទេសកំណើតវិញ។ ការព្រួយបារម្ភនេះកើតឡើងបន្ទាប់ពីពួកគេបដិសេធច្រៀងចម្រៀងភ្លេងជាតិមុនការប្រកួតដំបូងរបស់ពួកគេទល់នឹងកូរ៉េខាងត្បូង កាលពីថ្ងៃទី២ ខែមីនា នៅក្នុងពូល A ពានរង្វាន់ Asian Cup ឆ្នាំ២០២៦។
ការវិលត្រឡប់ទៅប្រទេសកំណើតវិញរបស់ក្រុមនារីអ៊ីរ៉ង់នឹងធ្វើឡើងភ្លាមៗ បន្ទាប់ពីក្រុមបានធ្លាក់ចេញពីពានរង្វាន់ Asian Cup ឆ្នាំ២០២៦ ក្រោយចាញ់ហ្វីលីពីននៅប្រកួតទី៣។ ប៉ុន្តែបើតាមរបាយការណ៍ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកបានឱ្យដឹងថា កីឡាការិនីទាំងអស់នៅតែស្ថិតក្នុងប្រទេសអូស្ត្រាលីនៅឡើយ។
របាយការណ៍ចុងក្រោយបានឱ្យដឹងថា ប៉ូលិសសហព័ន្ធអូស្ត្រាលីបានជួយសមាជិកចំនួន៥នាក់នៃក្រុមនារីអ៊ីរ៉ង់ចាកចេញពីកន្លែងស្នាក់នៅក្រុម ទៅកាន់ផ្ទះសុវត្ថិភាពមួយ។ រដ្ឋមន្ត្រីក្រសួងអន្តោប្រវេសន៍អូស្ត្រាលី លោក តូនី ប៊ើក បានថ្លែងថា ស្ត្រីអ៊ីរ៉ង់ទាំងនោះត្រូវបានប៉ូលិសអូស្ត្រាលីផ្លាស់ប្តូរទៅកាន់ទីតាំងសុវត្ថិភាព។ លោកបន្តថា សមាជិកក្រុមផ្សេងទៀត ក៏ត្រូវបានប្រាប់ថា ពួកគេត្រូវបានស្វាគមន៍ឱ្យបន្តស្នាក់នៅក្នុងប្រទេសអូស្ត្រាលី។

លោកត្រាំបានសរសេរនៅលើ Truth Social ថា «ប្រទេសអូស្ត្រាលីកំពុងធ្វើកំហុសមនុស្សធម៌ដ៏គួរឱ្យភ័យខ្លាចមួយ ដោយអនុញ្ញាតឱ្យក្រុមបាល់ទាត់នារីជម្រើសជាតិអ៊ីរ៉ង់ត្រូវបានបង្ខំឱ្យត្រឡប់ទៅប្រទេសអ៊ីរ៉ង់វិញ ជាកន្លែងដែលពួកគេទំនងជាត្រូវបានប្រហារជីវិត។ កុំធ្វើដូច្នោះអី លោកនាយករដ្ឋមន្ត្រី (អូស្ត្រាលី) សូមផ្តល់សិទ្ធិជ្រកកោនដល់ពួកគេ»។
រឿងនេះបានជំរុញឱ្យមានការរិះគន់នៅក្នុងប្រទេសអ៊ីរ៉ង់ ដោយអ្នកអត្ថាធិប្បាយអភិរក្សនិយមម្នាក់បានចោទប្រកាន់ក្រុមនារីអ៊ីរ៉ង់ថា ជនក្បត់ជាតិសម័យសង្គ្រាម និងជំរុញឱ្យមានការដាក់ទណ្ឌកម្មយ៉ាងធ្ងន់ធ្ងរលើពួកគេ។
សូមជម្រាបជូនថា កម្មវិធីទិដ្ឋាការមនុស្សធម៌របស់ប្រទេសអូស្ត្រាលី ផ្តល់ការការពារជាអចិន្ត្រៃយ៍ដល់បណ្តាជនភៀសខ្លួន និងប្រជាជនដែលមានតម្រូវការមនុស្សធម៌ ដោយអ្នកកាន់ទិដ្ឋាការនេះ អាចរស់នៅ ធ្វើការ និងសិក្សានៅក្នុងប្រទេសអូស្ត្រាលី៕
ប្រភព៖ ESPN, BBC, Reuters និង Independent
