រាជធានីភ្នំពេញ៖ ស្ត្រីម្នាក់ដែលមានផ្ទៃពោះធំជិតគ្រប់ខែ និងបុរសម្នាក់ទៀត បានរងរបួសធ្ងន់ធ្ងរបន្ទាប់ពីរថយន្តដឹកទំនិញធុនធំបុកម៉ូតូសណ្តោងរ៉ឺម៉កពីក្រោយយ៉ាងខ្លាំង នៅវេលារំលងអាធ្រាត្រថ្ងៃទី១០ ខែមីនា ឆ្នាំ២០២៦។

ហេតុការណ៍នេះកើតឡើងតាមបណ្តោយផ្លូវបុរីអង្គរ សង្កាត់ទួលសង្កែទី២ ខណ្ឌឬស្សីកែវ។ ប្រភពព័ត៌មានបានឱ្យដឹងថា មុនពេលកើតហេតុ គេបានឃើញបុរសម្នាក់ជិះម៉ូតូសណ្តោងរ៉ឺម៉កដឹកស្ត្រីពោះធំ ធ្វើដំណើរពីជើងទៅត្បូង។

លុះមកដល់ចំនុចកើតហេតុ រថយន្តប្រភេទកូរ៉េដឹកទំនិញធុនធំមួយគ្រឿង ពាក់ស្លាកលេខ ភ្នំពេញ 3D 7433 បានជ្រុលទៅបុកម៉ូតូសណ្តោងរ៉ឺម៉កពីក្រោយទាំងកំរោល។ បណ្តាលឱ្យស្ត្រីពោះធំរបួសបែកក្បាលហូរឈាមសន្លប់ស្ដូកស្ដឹងបាត់ស្មារតី ចំណែកបុរសរបួសបែកក្បាលមុខមាត់តិចតួច។
អ្នកទាំងពីរត្រូវបានបញ្ជូនតាមរថយន្តសាមុយយកទៅសង្គ្រោះនៅមន្ទីរពេទ្យព្រះកុសមៈ។

ដោយឡែករថយន្តដឹកទំនិញ នៅពេលបុកម៉ូតូសណ្តោងរ៉ឺម៉កហើយ ក៏ជ្រុលទៅឡើងឃឿនសួនច្បារពុះចែកទ្រូងផ្លូវ បុកនិងបង្គោលស្លាកផ្សព្វផ្សាយពាណិជ្ជកម្ម ខូចខាតអស់មួយដើម។ រថយន្តក៏បានបន្តបើកគេចបាត់ តែបានបន្សល់ទុកស្លាកលេខនៅកន្លែងកើតហេតុ។

ក្រោយពេលកើតហេតុ សមត្ថកិច្ចជំនាញចរាចរណ៍បានវាស់វែងយកទៅរក្សាទុកនៅផ្នែកជំនាញនៃអធិការដ្ឋាននគរបាលខណ្ឌឬស្សីកែវ ដើម្បីធ្វើការស្រាវជ្រាវរករថយន្តបង្កមកទទួលខុសត្រូវលើករណីនេះ។
