តេហេរ៉ង់រងការវាយប្រហារដោយមីស៊ីលដូចទឹកភ្លៀង ក្រោយត្រាំគំរាមវាយអ៊ីរ៉ង់ខ្លាំងជាងមុន២០ដង

តេហេរ៉ង់រងការវាយប្រហារដោយមីស៊ីលដូចទឹកភ្លៀង ក្រោយត្រាំគំរាមវាយអ៊ីរ៉ង់ខ្លាំងជាងមុន២០ដង

អន្តរជាតិ៖ ទីក្រុងតេហេរ៉ង់ រដ្ឋធានីអ៊ីរ៉ង់ ត្រូវរងការវាយប្រហារដោយមីស៊ីលជាច្រើនដូចទឹកភ្លៀង នៅថ្ងៃអង្គារទី១០ ខែមីនា ឆ្នាំ២០២៦នេះ។ ការវាយប្រហារនេះបង្កជាការផ្ទុះដ៏មហិមា ដែលជាការវាយប្រហារអាកាសទ្រង់ទ្រាយធំបំផុតមិនធ្លាប់មានចាប់តាំងពីផ្ទុះសង្គ្រាមថ្ងៃ២៨ខែកុម្ភៈ។

ការវាយប្រហារតេហេរ៉ង់

ការវាយប្រហារនេះកើតឡើងបន្ទាប់ពីប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ ប្រកាសថា សង្គ្រាមអ៊ីរ៉ង់ នឹងចប់ឆាប់ៗនេះហើយ ប៉ុន្តែមិនមែនចប់ក្នុងសប្តាហ៍នេះទេ។ លោកត្រាំបានបញ្ជាក់ថា អាមេរិកកំពុងដាក់ពង្រាយកងទ័ពក្នុងកម្រិតតូចមួយ ដើម្បីកម្ចាត់អំពើអាក្រក់ចេញពីតំបន់។

លោកប្រធានាធិបតីអាម៉េរិក ដូណាល់ ត្រាំ បានអះអាងថា សមត្ថភាពយោធារបស់អ៊ីរ៉ង់ត្រូវបានបំផ្លិចបំផ្លាញយ៉ាងដំណំ ដោយបាត់បង់ទាំងកងទ័ពជើងទឹក ប្រព័ន្ធទំនាក់ទំនង និងកម្លាំងទ័ពអាកាស។ ប្រតិបត្តិការនេះដំណើរការលឿនជាងការគ្រោងទុក ដែលដំបូងឡើយលោកស្មានថាត្រូវចំណាយពេល១ខែ។

ទន្ទឹមនោះដែរ លោកត្រាំ បានប្រើប្រាស់សម្តីធ្ងន់ៗ និងមានលក្ខណៈគំរាមកំហែងខ្លាំងទៅលើអ៊ីរ៉ង់ ដោយបញ្ជាក់ថា អាមេរិកត្រៀមខ្លួនវាយប្រហារប្រទេសនេះខ្លាំងជាងមុនដល់ទៅ២០ដង បើទីក្រុងតេហេរ៉ង់មិនព្រមបើកច្រក Hormuz ឲ្យមានលំហូរប្រេង។

ត្រាំគំរាមអ៊ីរ៉ង់

បង្ហោះសារនៅលើបណ្តាញសង្គម Truth Social កាលពីថ្ងៃចន្ទ មេដឹកនាំអាមេរិកសរសេរថា៖ «ប្រសិនបើអ៊ីរ៉ង់ធ្វើសកម្មភាពណាមួយដែលរារាំងដល់លំហូរប្រេងនៅច្រក Hormuz នោះពួកគេនឹងត្រូវទទួលការវាយបកដោយសហរដ្ឋអាមេរិក ខ្លាំងជាងអ្វីដែលពួកគេធ្លាប់រងគ្រោះកន្លងមកដល់ទៅ២០ដង។ លើសពីនេះ យើងនឹងកម្ទេចគោលដៅនានា ដែលនឹងធ្វើឲ្យអ៊ីរ៉ង់សឹងតែមិនអាចកសាងប្រទេសឡើងវិញបានជាដាច់ខាត។»

ឥឡូវនេះ ទីក្រុងតេហេរ៉ង់កំពុងរងការវាយប្រហារដ៏ធ្ងន់ធ្ងរ ដោយមិនទាន់មានសេចក្តីរាយការណ៍អំពីតួលេខមនុស្សស្លាប់និងរបួសនៅឡើយទេ។

ដោយ៖ តារា
រូបភាព៖ Reuters

administrator

Related Articles