អ៊ីរ៉ង់ប្រកាសបិទទ្វារចរចា សង្កត់តែការខាតបង់សេដ្ឋកិច្ចទើបបង្ខំអាមេរិកដកថយបាន

អ៊ីរ៉ង់ប្រកាសបិទទ្វារចរចា សង្កត់តែការខាតបង់សេដ្ឋកិច្ចទើបបង្ខំអាមេរិកដកថយបាន

ភ្នំពេញ – សម្ពាធអន្តរជាតិរវាងអ៊ីរ៉ង់ និងសហរដ្ឋអាមេរិកបានឈានដល់ចំណុចរបត់ថ្មីមួយ ដែលកំពុងផ្លាស់ប្តូរពីការគំរាមកំហែងដោយអាវុធទៅជាការវាយប្រហារសរសៃឈាមសេដ្ឋកិច្ចយ៉ាងធ្ងន់ធ្ងរ។

អ្នករៀបចំគោលនយោបាយក្រៅប្រទេសអ៊ីរ៉ង់

ក្នុងបទសម្ភាសន៍ជាមួយ CNN កាលពីថ្ងៃទី៩ ខែមីនា ឆ្នាំ២០២៦ លោក Kamal Kharazi អ្នករៀបចំគោលនយោបាយក្រៅប្រទេសដ៏មានឥទ្ធិពលរបស់អ៊ីរ៉ង់ បានប្រកាសយ៉ាងច្បាស់ថា៖ «ទ្វារនៃការចរចាត្រូវបានបិទជិតឈឹងហើយ។ អ៊ីរ៉ង់លែងជឿទុកចិត្តលើពាក្យសម្ដីរបស់លោកប្រធានាធិបតី ដូណាល់ ត្រាំ ទៀតហើយ»។

លោក Kharazi បានចោទប្រកាន់ថា មេដឹកនាំអាមេរិករូបនេះគឺជាមនុស្សបោកប្រាស់ដែលមិនដែលគោរពសម្ដីឡើយ។ ដូច្នេះ អ៊ីរ៉ង់ជឿជាក់ថា មានតែការធ្វើឲ្យអាមេរិក និងសម្ព័ន្ធមិត្តខាតបង់សេដ្ឋកិច្ចឲ្យវិនាសអន្តរាយប៉ុណ្ណោះ ទើបអាចបង្ខំពួកគេដកថយចេញពីតំបន់នេះបាន។

ស្របពេលជាមួយគ្នានេះ ទីផ្សារថាមពលពិភពលោកកំពុងតែរញ្ជួយយ៉ាងខ្លាំង ខណៈដែលតម្លៃប្រេងឆៅបានហក់ឡើងខ្ពស់ហួសពី១០០ដុល្លារក្នុងមួយបារ៉ែល បន្ទាប់ពីមានការរំខានដល់ការដឹកជញ្ជូននៅច្រកសមុទ្រ Hormuz។

វិបត្តិសេដ្ឋកិច្ចពិភពលោក

បើតាមការប៉ាន់ស្មាន ប្រេងដល់ទៅ២០% នៃប្រភពផ្គត់ផ្គង់ទូទាំងសកលលោកត្រូវបានកាត់ផ្ដាច់ ដែលចំនួននេះគឺច្រើនជាងទ្វេដងនៃកំណត់ត្រាវិបត្តិព្រែកជីកស៊ុយអេកាលពីឆ្នាំ១៩៥៦ទៅទៀត។

រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ លោក Abbas Araghchi ថែមទាំងបានពោលពាក្យចំអកឲ្យយុទ្ធនាការយោធារបស់អាមេរិកថា ជាការគណនាខុសដ៏គួរឲ្យខ្លាចបំផុត ព្រោះវាកាន់តែជំរុញឲ្យតម្លៃប្រេងឡើងថ្លៃ ដែលជាការផ្ដល់ផលចំណេញដល់អ៊ីរ៉ង់។

លោកក៏បានព្រមានទៀតថា អ៊ីរ៉ង់នៅមាន «រឿងភ្ញាក់ផ្អើល» ជាច្រើនទៀតដែលមិនទាន់បញ្ចេញអស់នៅឡើយ។

ក្រឡេកមកមើលផ្ទៃក្នុងប្រទេសវិញ អ៊ីរ៉ង់បានធ្វើឲ្យពិភពលោកភ្ញាក់ផ្អើលតាមរយៈការតែងតាំងលោក Mojtaba Khamenei ជាមេដឹកនាំកំពូលថ្មីរបស់ខ្លួន។

ស្ថានភាពសេដ្ឋកិច្ចពិភពលោក

ទោះបីជាខាងសហរដ្ឋអាមេរិកបានរិះគន់ថា ការផ្លាស់ប្ដូរនេះគឺជារឿងដែលមិនអាចទទួលយកបានក៏ដោយ ក៏អ៊ីរ៉ង់បានឆ្លើយតបវិញយ៉ាងខ្លីថា រឿងផ្ទៃក្នុងរបស់គេ គឺមិនមែនជាការងារដែលអាមេរិកត្រូវមកចេះដឹងនោះទេ។

បច្ចុប្បន្ន កងកម្លាំងការពារបដិវត្តន៍អ៊ីរ៉ង់ (IRGC) កំពុងប្រើប្រាស់កម្លាំងយោធា និងអាវុធប្រមាណ៦០% ដើម្បីបើកការវាយប្រហារលើមូលដ្ឋានទ័ព និងផលប្រយោជន៍យុទ្ធសាស្ត្ររបស់អាមេរិកនៅទូទាំងតំបន់ ដើម្បីបង្កើនសម្ពាធឲ្យកាន់តែធ្ងន់ធ្ងរឡើងៗរហូតដល់អាមេរិកទ្រាំលែងបាន។

administrator

Related Articles