
រាជធានីភ្នំពេញ – ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈបានអំពាវនាវឱ្យអង្គការសង្គមស៊ីវិល សមាគម និងសហជីពចូលរួមយកចិត្តទុកដាក់លើកសិទ្ធិការងារសម្រាប់ស្ត្រីកម្ពុជា ជាពិសេសក្នុងឱកាសទិវាអន្តរជាតិនារី ៨ មីនា។
លោកជំទាវ សួស ស៊ីនួន អនុរដ្ឋលេខាធិការក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានចូលរួមកម្មវិធីជួបជុំសម្តែងមតិក្នុងឱកាសខួបលើកទី១១៥នៃទិវាអន្តរជាតិនារី នៅសួនច្បារមុខក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC)។

កម្មវិធីនេះត្រូវបានរៀបចំក្រោមប្រធានបទ “ការអនុវត្តសិទ្ធិសេរីភាព ដើម្បីយុត្តិធម៌ និងសេចក្តីថ្លៃថ្នូររបស់ស្ត្រី និងក្មេងស្រី” ដោយមានគោលបំណងសំខាន់ៗ៣យ៉ាង៖
១. អបអរសាទរ និងទទួលស្គាល់ការខិតខំប្រឹងប្រែងក្នុងការទាមទារសិទ្ធិសេរីភាព និងសមភាពយេនឌ័រ
២. ពង្រឹងកិច្ចសហការរវាងអង្គការសង្គមស៊ីវិល សមាគម សហជីព ជាមួយក្រសួង-ស្ថាប័នពាក់ព័ន្ធ
៣. បង្កើតឱកាសដល់សាធារណជនក្នុងការលើកពីសំណូមពរ ឬអនុសាសន៍ពាក់ព័ន្ធនឹងយេនឌ័រ

លោកជំទាវបានបង្ហាញពីសមិទ្ធផលការងាររបស់ក្រសួង ពិសេសការយកចិត្តទុកដាក់ទៅលើកម្មករនិយោជិតជាស្ត្រី តាមរយៈការផ្តល់ការការពារ និងអត្ថប្រយោជន៍ផ្សេងៗស្របតាមច្បាប់ស្តីពីការងារ។
ក្រសួងបានណែនាំពីយន្តការអធិការកិច្ចការងារ យន្តការបង្ការ និងដោះស្រាយវិវាទការងារ រួមទាំងយន្តការដាក់ពាក្យបណ្តឹងតាមរយៈប្រព័ន្ធ Hotline លេខ ១២៨៦ និងយន្តការបណ្តឹងអនាមិក។

លោកជំទាវក៏លើកទឹកចិត្តដល់ស្ត្រីគ្រប់រូបឱ្យខិតខំពង្រឹងសមត្ថភាពរបស់ខ្លួន ដោយរៀនជំនាញបន្ថែម និងបង្កើនភាពអង់អាចក្លាហាន ដើម្បីទទួលបានសមត្ថភាព ផលិតភាពការងារ ការគោរព ការឱ្យតម្លៃ និងការផ្តល់ឱកាសកាន់មុខតំណែងជាថ្នាក់ដឹកនាំ។

ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈនៅតែបន្តយកចិត្តទុកដាក់ខ្ពស់ក្នុងការពិនិត្យអនុលោមភាពនៅតាមសហគ្រាស ក្រុមហ៊ុន រោងចក្រ ក៏ដូចជាការស្វែងរកដំណោះស្រាយសមស្របទៅនឹងបញ្ហាប្រឈមនានា។

