
ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀរ ពូទីន បានប្រកាសថា រុស្ស៊ីត្រៀមខ្លួនរួចជាស្រេចក្នុងការផ្គត់ផ្គង់ប្រេង និងឧស្ម័នទៅអឺរ៉ុបវិញ ប៉ុន្តែត្រូវតែស្ថិតនៅក្រោមលក្ខខណ្ឌរបស់រុស្ស៊ីតែម្ដង។ ការប្រកាសនេះមកពីពេលដែលសង្គ្រាមរវាងសហរដ្ឋអាមេរិក និងអ៊ីស្រាអែលលើអ៊ីរ៉ង់ បានធ្វើឱ្យការដឹកជញ្ជូនប្រេងឆ្លងកាត់ច្រកសមុទ្រ Hormuz ជាប់គាំង និងបង្កវិបត្តិថាមពលសកល។
សារព័ត៌មាន Al Jazeera បានផ្សាយកាលពីថ្ងៃទី៩ ខែមីនា ថា ប្រធានាធិបតីរុស្ស៊ីបានលើកឡើងក្នុងសេចក្ដីអត្ថាធិប្បាយមួយថា ទីក្រុងមូស្គូត្រៀមខ្លួនរួចជាស្រេចក្នុងការធ្វើការជាមួយអតិថិជនអឺរ៉ុប ដែលសមាជិកអឺរ៉ុបភាគច្រើនបានឈប់ទិញប្រេងនិងឧស្ម័នពីរុស្ស៊ី ដើម្បីបញ្ឈប់រំហូរហិរញ្ញវត្ថុទៅសង្គ្រាមរុស្ស៊ីលើអ៊ុយក្រែន។

ទោះបីជាយ៉ាងណា ប្រទេសនៅអឺរ៉ុបបានចំណាយពេល៤ឆ្នាំមកហើយ ក្នុងការកាត់បន្ថយការពឹងផ្អែកលើប្រេងនិងឧស្ម័នរបស់រុស្ស៊ី ដើម្បីឆ្លើយតបទៅនឹងសង្គ្រាមរបស់ទីក្រុងមូស្គូជាមួយអ៊ុយក្រែន និងទណ្ឌកម្មពីសហភាពអឺរ៉ុប និងក្រុមប្រទេសទាំង៧ (G៧)។
សហភាពអឺរ៉ុបបានហាមឃាត់ការនាំចូលប្រេងឆៅរបស់រុស្ស៊ីតាមសមុទ្រក្នុងឆ្នាំ២០២២ ខណៈការនាំចេញបំពង់បង្ហូរប្រេងរបស់រុស្ស៊ីទៅកាន់ប្រទេសហុងគ្រី និងស្លូវ៉ាគីត្រូវបានបញ្ឈប់ជាបណ្ដោះអាសន្នចាប់តាំងពីខែមករា ដោយសារតែការខូចដល់បំពង់បង្ហូរប្រេង Druzhba តាមរយៈប្រទេសអ៊ុយក្រែន។
លោកពូទីនបានថ្លែងថា៖ «ប្រសិនបើក្រុមហ៊ុនអឺរ៉ុប និងអ្នកទិញអឺរ៉ុបសម្រេចចិត្តផ្លាស់ប្ដូរទិសដៅរបស់ខ្លួនភ្លាមៗ និងផ្ដល់ឱ្យយើងនូវកិច្ចសហប្រតិបត្តិការរយៈពេលវែង និងប្រកបដោយចីរភាព ដោយគ្មានសម្ពាធនយោបាយ នោះយើងមិនបដិសេធវាឡើយ។ យើងត្រៀមខ្លួនរួចរាល់ហើយ ដើម្បីធ្វើការជាមួយបណ្ដាប្រទេសនៅអឺរ៉ុប»។

លោកបន្តថា ក្រុមហ៊ុនរុស្ស៊ីគួរតែទាញយកអត្ថប្រយោជន៍ពីជម្លោះនៅមជ្ឈិមបូព៌ា ដែលអ៊ីរ៉ង់បញ្ឈប់ការដឹកជញ្ជូនទំនិញនៅច្រកសមុទ្រ Hormuz ជាចំណុចដឹកជញ្ជូនប្រេងដ៏សំខាន់មួយរបស់ពិភពលោក។ ច្រកសមុទ្រនេះដឹកជញ្ជូនប្រេង និងឧស្ម័នធម្មជាតិរាវប្រហែលមួយភាគប្រាំទូទាំងពិភពលោក។
ការថ្លែងសុន្ទរកថារបស់លោកពូទីនមកពីពេលដែលតម្លៃប្រេងហក់ឡើងលើសពី១០០ដុល្លារក្នុងមួយបារ៉ែលនៅថ្ងៃចន្ទ ឈានដល់កម្រិតកំពូលមិនធ្លាប់មាន ចាប់តាំងពីរុស្ស៊ីចាប់ផ្ដើមការឈ្លានពានអ៊ុយក្រែនទ្រង់ទ្រាយធំក្នុងឆ្នាំ២០២២។
