ភ្នំពេញ៖ ក្រសួងពាណិជ្ជកម្មបានចេញវិធានការថ្មីៗជាច្រើន ដើម្បីគ្រប់គ្រងបញ្ហាប្រេងឥន្ធនៈ និងធានាការផ្គត់ផ្គង់ប្រកបដោយស្ថិរភាព បន្ទាប់ពីសង្គ្រាមនៅតំបន់មជ្ឈិមបូព៌ាបានធ្វើឱ្យតម្លៃប្រេងឡើងខ្ពស់នៅទូទាំងពិភពលោក។

លោក ប៉ែន សុវិជាតិ អ្នកនាំពាក្យ និងជារដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម បានបញ្ជាក់ថា កម្ពុជាជាប្រទេសនាំចូលប្រេងឥន្ធនៈសុទ្ធសាធពីបរទេស ដែលតម្លៃនឹងប្រែប្រួលទៅតាមទីផ្សារតំបន់ និងអន្តរជាតិ។ បច្ចុប្បន្ន តម្លៃប្រេងដែលចម្រាញ់រួចមាននិន្នាការកើនឡើងពី ៥% ដល់១៥% សម្រាប់ប្រេងសាំង និងពី ២០% ទៅ៣០% សម្រាប់ប្រេងម៉ាស៊ូត។
ក្រោមការណែនាំពីសម្តេចធិបតី នាយករដ្ឋមន្រ្តី ក្រសួងពាណិជ្ជកម្មបានដាក់ចេញវិធានសំខាន់ៗពីរចំណុច៖
១. ការរក្សាប្រភពផ្គត់ផ្គង់ដើម្បីធានាការចែកចាយប្រេងទៅកាន់ទីផ្សារក្នុងស្រុក
២. ការចេញសេចក្តីណែនាំគ្រប់គ្រងហានិភ័យ និងសុវត្ថិភាពអ្នកប្រើប្រាស់

លោកអ្នកនាំពាក្យបានគូសបញ្ជាក់ថា៖ «ក្នុងរយៈពេលដំបូងនៃសង្គ្រាម កម្ពុជាមានប្រេង យើងរក្សាបាននូវប្រភពផ្គត់ផ្គង់ អញ្ចឹងបានជាកម្ពុជានៅតែមានបន្តមានប្រេងលក់នៅក្នុងទីផ្សារ នៅតាមស្ថានីយ៍លក់រាយនិងតាមដេប៉ូ បើទោះជាប្រេងចាប់ផ្តើមឡើងថ្លៃបន្ថិចក៏ដោយ»។
ក្រសួងនឹងអនុវត្តតឹងរឹងចំពោះស្ថានីយ៍ឬដេប៉ូណាដែលលក់ខុសពីតម្លៃកំណត់ និងមិនអនុញ្ញាតឱ្យមានការផ្អាកលក់ដើម្បីទុកចាំការឡើងថ្លៃ។ ក្រសួងក៏បានកែប្រែការចេញសេចក្តីជូនដំណឹងពីរៀងរាល់១០ថ្ងៃម្តង មកជារៀងរាល់៣ថ្ងៃ ដើម្បីតាមដានតម្លៃប្រេងអន្តរជាតិឱ្យបានទាន់ពេលវេលា។

លោករដ្ឋលេខាធិការបានបញ្ជាក់បន្ថែមថា៖ «ប្រសិនយើងមិនអនុវត្តផ្អែកតាមតម្លៃថ្មីនេះទេ គឺអាចមានបញ្ហាកង្វះប្រេងសម្រាប់បម្រើដល់អតិថិជនជាមិនខាន»។
