ភ្នំពេញ៖ ការចំណាយយោធាខ្ពស់របស់សហរដ្ឋអាមេរិកលើសង្គ្រាមជាមួយអ៊ីរ៉ង់កំពុងធ្វើឱ្យប្រជាប្រិយភាពរបស់ប្រធានាធិបតីដូណាល់ ត្រាំធ្លាក់ចុះយ៉ាងខ្លាំង នៅពេលដែលការស្ទង់មតិបង្ហាញថាប្រជាជនអាមេរិកគាំទ្រសង្គ្រាមនេះតិចតួចបំផុត។

យោងតាមការចុះផ្សាយរបស់ Al Jazeera នៅថ្ងៃទី៩ ខែមីនា ឆ្នាំ២០២៦ ប្រភពពីសភាអាមេរិកបានប្រាប់អ្នកផ្សាយព័ត៌មាន MS NOW ថា សង្គ្រាមនេះកំពុងធ្វើឱ្យសហរដ្ឋអាមេរិកខាតបង់ប្រមាណ ១ពាន់លានដុល្លារក្នុងមួយថ្ងៃ។
សារព័ត៌មាន Politico បានរាយការណ៍បន្ថែមថា បក្សសាធារណរដ្ឋអាមេរិកជាមួយសភា Capitol Hill មានការព្រួយបារម្ភថា មន្ទីរបញ្ចកោណ (Pentagon) កំពុងចំណាយលុយជិត ២ពាន់លានដុល្លារក្នុងមួយថ្ងៃលើសង្គ្រាមជាមួយអ៊ីរ៉ង់។
លោក Hakeem Jeffries អ្នកតំណាងរាស្ត្រក្នុងសភា បានរិះគន់យ៉ាងខ្លាំងនៅក្នុងសន្និសីទសារព័ត៌មានមួយថា៖ «ប្រធានាធិបតីដូណាល់ ត្រាំ កំពុងធ្វើឱ្យអាមេរិកធ្លាក់ចូលទៅក្នុងជម្លោះគ្មានទីបញ្ចប់មួយទៀតនៅមជ្ឈិមបូព៌ា និងចំណាយប្រាក់រាប់ពាន់លានដុល្លារ ដើម្បីទម្លាក់គ្រាប់បែកលើប្រទេសអ៊ីរ៉ង់»។

លោកបន្តថា៖ «ប៉ុន្តែពួកគេមិនអាចរកប្រាក់មួយកាក់មួយសេន ដើម្បីឱ្យប្រជាជនអាមេរិកទទួលបានតម្លៃសមរម្យទៅជួបគ្រូពេទ្យនៅពេលដែលពួកគេត្រូវការទេ។ មិនអាចរកប្រាក់មួយកាក់មួយសេន ដើម្បីធ្វើឱ្យវាកាន់តែងាយស្រួលសម្រាប់ជនជាតិអាមេរិក […] ហើយពួកគេក៏មិនអាចរកប្រាក់មួយកាក់មួយសេន ដើម្បីបន្ថយការចំណាយលើគ្រឿងបរិភោគរបស់ប្រជាជនអាមេរិកដែរ»។
ការស្ទង់មតិរបស់ Reuters/Ipsos បានបង្ហាញថា កិច្ចខិតខំប្រឹងប្រែងធ្វើសង្គ្រាមនេះមានការគាំទ្រពីសាធារណជនអាមេរិកតិចតួចណាស់ ហើយតួលេខស្ទង់មតិគឺអាប់អួរសម្រាប់រដ្ឋបាលរបស់ប្រធានាធិបតីត្រាំ។ វាគូសបញ្ជាក់ថាសង្គ្រាមនេះមិនមានប្រជាប្រិយភាពក្នុងស្រុកទេ។

លោកដូណាល់ ត្រាំ បានឈ្នះការបោះឆ្នោតជាប្រធានាធិបតីឆ្នាំ២០២៤ ដោយសារការសន្យាថានឹងបញ្ចប់សង្គ្រាមនៅអ៊ុយក្រែន និងនៅលើពិភពលោក នាំសន្តិភាព កាត់បន្ថយការចំណាយលើការរស់នៅ តែក្រោយៗមកក៏មិនទាន់ឃើញការតបស្នងណាមួយឡើយដល់ប្រជាជនអាមេរិកដែលបោះឆ្នោតឱ្យលោក។
យ៉ាងណាក៏ដោយ មន្ទីរបញ្ចកោណ ជាទីស្នាក់ការកណ្តាលនៃក្រសួងការពារជាតិសហរដ្ឋអាមេរិក មិនទាន់បានចេញផ្សាយការប៉ាន់ស្មានជាផ្លូវការពីការចំណាយលើសង្គ្រាមនៅឡើយទេ។
