អភិបាលខណ្ឌ៧មករា បញ្ជាក់សមត្ថកិច្ចទាំង៨សង្កាត់ រួមដៃបោសសម្អាតក្មេងទំនើង

អភិបាលខណ្ឌ៧មករា បញ្ជាក់សមត្ថកិច្ចទាំង៨សង្កាត់ រួមដៃបោសសម្អាតក្មេងទំនើង

កិច្ចប្រជុំខណ្ឌ៧មករា

លោក ថេង សុថុល អភិបាលខណ្ឌ៧មករា បានដាក់បទបញ្ជាយ៉ាងតឹងរ៉ឹង ដោយណែនាំឲ្យចៅសង្កាត់ទាំង៨ រួមសហការជាមួយកម្លាំងនគរបាល និងកងរាជអាវុធហត្ថ បោសសម្អាតបញ្ហាក្មេងទំនើងដើម្បីការពារសុខសុវត្ថិភាពប្រជាពលរដ្ឋ។

ការណែនាំនេះត្រូវបានធ្វើឡើងក្នុងកិច្ចប្រជុំពង្រឹងការងារបង្ការ និងបង្ក្រាបបទល្មើសអនឡាញ (Scam) ដើម្បីការពារសន្តិសុខសង្គម នៅរសៀលថ្ងៃទី០៩ ខែមីនា ឆ្នាំ២០២៦ នៅសាលប្រជុំវិទ្យាល័យបាក់ទូក។

ការប្រជុំពង្រឹងសន្តិសុខ

លោក ថេង សុថុល បានច្រានចោលការធ្វេសប្រហែស ដោយលើកឡើងថា៖ “ទោះបីជាក្មេងទំនើងក្នុងខណ្ឌ៧មករាមិនសូវកើតមានក៏ដោយ ប៉ុន្តែបញ្ហានេះនៅតែជាការគំរាមកំហែងដល់ការរស់នៅរបស់ប្រជាពលរដ្ឋទាំងយប់ទាំងថ្ងៃ។ អាជ្ញាធរទាំងអស់ត្រូវពួតដៃគ្នាសហការដើម្បីបង្ការ និងទប់ស្កាត់ការពារកុំឲ្យកើតមានក្មេងទំនើងក្នុងមូលដ្ឋាន។”

អភិបាលខណ្ឌបានបញ្ជាក់យ៉ាងច្បាស់ថា បើមានករណីក្មេងទំនើងកើតឡើង លោកនឹងចាត់ឲ្យមន្រ្តីជំនាញពាក់ព័ន្ធទាំងអស់អនុវត្តវិធានការយ៉ាងតឹងរ៉ឹង មិនថាបង្កបញ្ហាក្នុងមូលដ្ឋាន ឬឆ្លងកាត់នោះឡើយ។

សមត្ថកិច្ចខណ្ឌ៧មករា

ការចាត់វិធានការនេះធ្វើតាមការណែនាំពីសម្ដេចនាយករដ្ឋមន្រ្តី ហ៊ុន ម៉ាណែត ដែលបានបញ្ជាឱ្យអភិបាលរាជធានី ខេត្ត និងអាជ្ញាធរពាក់ព័ន្ធ ចាត់វិធានការឱ្យបានម៉ឹងម៉ាត់ ទាំងវិធានការរដ្ឋបាល និងវិធានការច្បាប់ ដើម្បីបង្ក្រាបក្រុមក្មេងទំនើង។

តាមរបាយការណ៍ក្រសួងមហាផ្ទៃ ចាប់ពីឆ្នាំ២០២៣ ដល់ឆ្នាំ២០២៥ សមត្ថកិច្ចបានបញ្ជូនក្មេងទំនើងចំនួន ៦,៣៧៥នាក់ ទៅអនុវត្តនិតិវិធីច្បាប់ និងមានក្មេងទំនើងជាង ៤,៥០០នាក់ទៀត ទទួលទណ្ឌកម្មរដ្ឋបាល និងអប់រំ៕

administrator

Related Articles