កងកម្លាំងការពារជាតិអ៊ីស្រាអែល (IDF) បានផ្សាយថា ចាប់តាំងពីជម្លោះផ្ទុះឡើងកាលពីថ្ងៃទី២៨កុម្ភៈ អ៊ីរ៉ង់បានបាញ់មីស៊ីលបាលិស្ទីកប្រហែល៣០០គ្រាប់ ដែល៥០ភាគរយមានផ្ទុកគ្រាប់បែកចង្កោម។

ក្បាលគ្រាប់ប្រភេទនេះអាចបំបែកជាគ្រាប់បែកតូចៗរាប់សិបគ្រាប់ គ្របដណ្តប់លើផ្ទៃដីក្នុងរង្វង់១០គីឡូម៉ែត្រ ដែលបង្កជាបញ្ហាប្រឈមយ៉ាងខ្លាំងដល់ប្រព័ន្ធការពារអាកាស។
ទោះបីជា IDF អះអាងថាបានកម្ទេចជើងទម្របាញ់មីស៊ីលរបស់អ៊ីរ៉ង់អស់ប្រហែល៦០% ក៏ដោយ ក៏មន្ត្រីយោធាបានព្រមានថា ការការពារទាំងស្រុងពីអាវុធប្រភេទនេះគឺមិនអាចទៅរួចឡើយ។
រហូតមកដល់ពេលនេះ ជម្លោះបានបណ្តាលឲ្យមនុស្ស១២នាក់ស្លាប់ និង២០០០នាក់រងរបួសនៅក្នុងប្រទេសអ៊ីស្រាអែល។

IDF សង្កេតឃើញថា អ៊ីរ៉ង់ហាក់កំពុងជួបការលំបាកក្នុងការសម្របសម្រួលការបាញ់ក្នុងទ្រង់ទ្រាយធំ ដោយចំនួននៃការបាញ់ប្រចាំថ្ងៃបានធ្លាក់ចុះពី៩០គ្រាប់នៅដើមសង្គ្រាម មកនៅត្រឹមក្រោម២០គ្រាប់ក្នុងរយៈពេលប៉ុន្មានថ្ងៃចុងក្រោយនេះ។
ការប្រើប្រាស់គ្រាប់បែកចង្កោមនេះ បានបង្កជាហានិភ័យរយៈពេលវែងយ៉ាងធ្ងន់ធ្ងរ ដោយសារតែគ្រាប់បែកតូចៗដែលមិនទាន់ផ្ទុះ អាចស្ថិតនៅទីនោះរាប់ឆ្នាំ ដែលបង្កគ្រោះថ្នាក់ដល់ជនស៊ីវិល និងកុមារ។
