ភ្នំពេញ៖ នាព្រឹកថ្ងៃទី១០ ខែមីនា ឆ្នាំ២០២៦ លោក ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ បានដឹកនាំប្រតិភូក្រសួងចូលរួមកិច្ចប្រជុំជាមួយឧត្តមប្រឹក្សាពិគ្រោះ ដើម្បីចែករំលែកវឌ្ឍនភាពការងារក្នុងការគ្រប់គ្រងវិស័យមុខងារសាធារណៈ។

កិច្ចប្រជុំនេះធ្វើឡើងនៅវិមានសន្តិភាព ដែលក្រសួងមុខងារសាធារណៈបានបង្ហាញពីវឌ្ឍនភាព និងលទ្ធផលដែលទទួលបានក្នុងការកែទម្រង់រដ្ឋបាលសាធារណៈ ជាពិសេសការងារដែលកំពុងដំណើរការយ៉ាងសកម្ម។

ក្រោយពីបានស្តាប់បទបង្ហាញ សមាជិកឧត្តមប្រឹក្សាពិគ្រោះបានចូលរួមសួរសំណួរ និងផ្តល់មតិយោបល់ជាច្រើន ដើម្បីចូលរួមចំណែកក្នុងការលើកកម្ពស់ប្រព័ន្ធរដ្ឋបាលសាធារណៈរបស់កម្ពុជា។

លោក ហ៊ុន ម៉ានី បានអះអាងថា វេទិកានេះជាឱកាសល្អមួយក្នុងការចែករំលែកព័ត៌មាន និងផ្សព្វផ្សាយគោលនយោបាយរបស់រាជរដ្ឋាភិបាលក្នុងការដឹកនាំវិស័យមុខងារសាធារណៈ។ ការងារកែទម្រង់រដ្ឋបាលសាធារណៈកំពុងឆ្ពោះទៅការធ្វើទំនើបកម្មប្រព័ន្ធរដ្ឋបាលសាធារណៈ ដែលប្រកបដោយសមត្ថភាពខ្ពស់ និងប្រសិទ្ធភាព។
ដោយ៖ សិលា
