កម្លាំងនគរបាលរាជធានីភ្នំពេញបានចុះបង្ក្រាបទីតាំងឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) មួយកន្លែងនៅអគារ Golden One ខណ្ឌបឹងកេងកង កាលពីយប់ថ្ងៃទី១០ ខែមីនា ឆ្នាំ២០២៦។

ប្រតិបត្តិការទ្រង់ទ្រាយធំនេះធ្វើឡើងក្រោមការដឹកនាំរបស់លោកឧត្ដមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការនគរបាលរាជធានីភ្នំពេញ។ កម្លាំងសមត្ថកិច្ចបានឃាត់ខ្លួនជនសង្ស័យចំនួន ៦៥ នាក់ ក្នុងនោះមានជនជាតិចិន ៨ នាក់ និងជនជាតិខ្មែរ ៥៧ នាក់។

ក្នុងប្រតិបត្តិការនេះ កម្លាំងសមត្ថកិច្ចបានដកហូតវត្ថុតាងរួមមាន៖ កុំព្យូទ័រ ALL in One ៨៩ គ្រឿង, ទូរស័ព្ទបម្រើឲ្យបទល្មើស ៣៨៤ គ្រឿង, ម៉ូនីទ័រ, CPU និងស៊ីមកាតអន្តរជាតិមួយចំនួនធំ។

មន្ត្រីនគរបាលជំនាញបញ្ជាក់ថា ជនសង្ស័យបានប្រើប្រាស់ប្រទេសកម្ពុជាប្រព្រឹត្តបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ក្រោមរូបភាពអូសទាញលួងលោមដាក់ប្រាក់ឲ្យវិនិយោគក្លែងក្លយ (Investment Scams) ដែលជនរងគ្រោះជាគោលដៅជនបរទេស។

បច្ចុប្បន្ន ជនសង្ស័យទាំង ៦៥ នាក់ និងវត្ថុតាងពាក់ព័ន្ធត្រូវបានបញ្ជូនខ្លួនទៅកាន់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីចាត់វិធានការទៅតាមនីតិវិធី។




