តម្លៃប្រេងហក់ឡើងខ្ពស់ភ្លាមៗ គំរាមកំហែងសេដ្ឋកិច្ចអាស៊ាន ព្រមានអតិផរណានិងកំណើនថ្លៃថាមពល

តម្លៃប្រេងហក់ឡើងខ្ពស់ភ្លាមៗ គំរាមកំហែងសេដ្ឋកិច្ចអាស៊ាន ព្រមានអតិផរណានិងកំណើនថ្លៃថាមពល

ភ្លាមៗនេះ វិបត្តិតម្លៃប្រេងដែលហក់ឡើងខ្ពស់ដោយសារជម្លោះមជ្ឈិមបូព៌ា កំពុងបង្ករលកនៃផលប៉ះពាល់ដែលរីករាលដាលពាសពេញតំបន់អាស៊ីអាគ្នេយ៍ ដោយបង្កើនការព្រួយបារម្ភអំពីអតិផរណា និងថ្លៃថាមពលនៅទូទាំងតំបន់។

តម្លៃប្រេងហក់ឡើង

នេះបើតាមការចុះផ្សាយរបស់កាសែតសិង្ហបុរី The Business Times កាលពីថ្ងៃចន្ទ (៩ មីនា) ដែលបានរាយការណ៍ថា រលកនៃផលប៉ះពាល់បានបង្ហាញឱ្យឃើញហើយថា ការហក់ឡើងនៃតម្លៃប្រេងបានបង្កើនថ្លៃដឹកជញ្ជូន និងផលិតកម្មអាហារនៅប្រទេសហ្វីលីពីន គំរាមកំហែងដល់តម្លៃអគ្គិសនីនៅថៃ បង្កើនការចំណាយសម្រាប់ឧបត្ថម្ភធននៅម៉ាឡេស៊ី និងឥណ្ឌូណេស៊ី និងជំរុញតម្លៃប្រេងសាំងនៅស្ថានីយចាក់សាំងនៅសិង្ហបុរីឱ្យដល់កម្រិតខ្ពស់ក្នុងឆ្នាំ ២០២២។

អ្នកវិភាគនៅក្រុមហ៊ុនសេវាកម្មហិរញ្ញវត្ថុ Nomura បានព្រមានថា តំបន់អាស៊ីអាគ្នេយ៍ប្រឈមនឹងវិបត្តិ Stagflation (ការជាប់គាំងនៃកំណើនសេដ្ឋកិច្ច ប៉ុន្តែអតិផរណាខ្ពស់) ហើយភាពធ្ងន់ធ្ងរគឺអាស្រ័យលើរយៈពេលនៃការរំខានពីជម្លោះមជ្ឈិមបូព៌ា។

ផលប៉ះពាល់សេដ្ឋកិច្ច

Nomura បាននិយាយថា៖ «ប្រសិនបើវាបន្តទៅមុខ នោះក្រុមហ៊ុននានាអាចប្រឈមនឹងសម្ពាធប្រាក់ចំណេញខ្សោយ និងការកាត់បន្ថយផលិតកម្ម ហើយអ្នកប្រើប្រាស់អាចប្រឈមនឹងតម្លៃអាហារខ្ពស់ជាងមុន»។

ការហក់ឡើងនៃតម្លៃថាមពលនេះ កើតឡើងបន្ទាប់ពីការរំខានដល់ការផ្គត់ផ្គង់ប្រេងសកលពីជម្លោះអ៊ីស្រាអែល សហរដ្ឋអាមេរិក និងអ៊ីរ៉ង់ ដែលបង្កការរាំងស្ទះដល់ច្រកសមុទ្រហ័រមូហ្ស ដែលដឹកជញ្ជូនប្រេងប្រមាណ ២០% នៃតម្រូវការសកលប្រចាំថ្ងៃ។

អ្នកវិភាគលើកឡើងថា ការពឹងផ្អែកបែបនេះ ធ្វើឱ្យអាស៊ីអាគ្នេយ៍ងាយរងគ្រោះទៅនឹងការហក់ឡើងភ្លាមៗនៃតម្លៃប្រេងសកល។ ពួកគេបន្តថា រដ្ឋាភិបាលក្នុងតំបន់អាចប្រឈមមុខនឹងការចំណាយកាន់តែច្រើនសម្រាប់ឧបត្ថម្ភធនប្រេងឥន្ធនៈ និងកំណើនសម្ពាធសារពើពន្ធ ប្រសិនបើតម្លៃថាមពលនៅតែខ្ពស់។

វិបត្តិថាមពល

ថ្លៃប្រេងឥន្ធនៈខ្ពស់ ក៏នឹងជំរុញឱ្យការចំណាយប្រតិបត្តិការអាជីវកម្ម និងថ្លៃដឹកជញ្ជូនកើនឡើង ដែលអាចនាំឱ្យមានអតិផរណាកាន់តែទូលំទូលាយក្នុងតំបន់។

អ្នកសេដ្ឋកិច្ចព្រមានថា ការរំខានយូរអង្វែងចំពោះការផ្គត់ផ្គង់ប្រេងនៅមជ្ឈិមបូព៌ា អាចធ្វើឱ្យកំណើនសេដ្ឋកិច្ចនៅអាស៊ីអាគ្នេយ៍ថយចុះ និងបង្ហាញពីការពឹងផ្អែកជាបន្តបន្ទាប់របស់តំបន់ លើការនាំចូលប្រេងឥន្ធនៈហ្វូស៊ីល៕

administrator

Related Articles