
តារាចម្រៀងអ្នកនាង ឱក សុគន្ធកញ្ញា បាននាំកូនប្រុសទីពីររបស់នាងទៅទស្សនាផ្ទាំងគំនូរក្រោមប្រធានបទ «សិល្បៈដើម្បីសន្តិភាព» ដែលកំពុងតាំងបង្ហាញនៅសួនមុខវត្តបទុមវតី រាជធានីភ្នំពេញ។ អ្នកនាងបានចាត់ទុកថា ផ្ទាំងគំនូរទាំងនេះគឺជាការបង្ហាញពីការឈឺចាប់ និងទុក្ខវេទនារបស់ប្រជាជនកម្ពុជាដែលទទួលរងនូវវិបត្តិសង្គ្រាម។

ក្នុងរូបភាពដែលបង្ហោះលើបណ្តាញសង្គម តារាចម្រៀងអ្នកនាង ឱក សុគន្ធកញ្ញា បានអង្គុយលើរទេះរុញជាមួយកូនប្រុសរបស់នាង ដោយភ្ជាប់ជាមួយសំណេរថា៖ «ម៉ាក់ៗនាំអូនមកមើលផ្ទាំងគំនូរ «សិល្បៈដើម្បីសន្តិភាព» ផ្ទាំងគំនូដ៏ធំនេះ ពោរពេញទៅដោយភាពឈឺចាប់ និងទុក្ខវេទនាដែលប្រជាជនកម្ពុជាបានឆ្លងកាត់ក្នុងអំឡុងពេលមានវិបត្តិសង្គ្រាម។»
ជាការកត់សម្គាល់ នេះមិនមែនជាលើកទីមួយទេដែលតារាចម្រៀងអ្នកនាង ឱក សុគន្ធកញ្ញា បានបង្ហាញការឈឺចាប់ និងចូលរួមសកម្មភាពនានាដោយបង្ហាញពីការឈ្លានពានរបស់យោធាថៃមកលើដែនអធិបតេយ្យរបស់កម្ពុជា។

អ្នកនាងក៏បានចេញបទចម្រៀងមួយបទដែលបង្ហាញពីការឈឺចាប់របស់ប្រជាជនខ្មែរដែលបានរងគ្រោះពីការវាយប្រហារ និងទម្លាក់គ្រាប់បែកពីសំណាក់យោធាថៃនៅក្នុងសង្គ្រាមដែលបានកើតឡើងចំនួន២លើកមកនេះ។
កាលពីថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២៥ អ្នកនាង ឱក សុគន្ធកញ្ញា ក៏បានបង្ហាញវត្តមានចូលរួមជាមួយប្រជាពលរដ្ឋខ្មែរដែលកំពុងរស់នៅក្នុងទឹកដីនៃប្រទេសអូស្ត្រាលី ដោយបានប្រមូលផ្តុំគ្នានៅពីមុខរដ្ឋសភា Victoria ក្នុងទីក្រុងមែលប៊ឺន ដើម្បីធ្វើជាសារសំឡេងប្រាប់ដល់ពិភពលោកថា កម្ពុជាគឺជនរងគ្រោះនៅក្នុងហេតុការណ៍មួយនេះ។

ឱក សុគន្ធកញ្ញា ក៏ធ្លាប់លើកឡើងថា កម្ពុជាត្រូវការសន្តិភាព ហើយកម្ពុជានឹងប្រែក្លាយការឈឺចាប់ ទៅជាឱកាសផ្គុំចិត្តឲ្យរឹងមាំ ដាស់សតិឲ្យត្រង់ផ្លូវ រួមកម្លាំងសាមគ្គីមិនបែកបាក់។

ជាមួយគ្នានេះ អ្នកនាង ឱក សុគន្ធកញ្ញា ក៏បានបង្កើតជាមូលនិធិផ្ទាល់ខ្លួនផងដែរ ដើម្បីស្វះស្វែងរកថវិកាពីសប្បុរសជននានា នៅក្នុងការជួយទៅដល់ជនភៀសសឹក និងវីរៈកងទ័ពជួរមុខដែលកំពុងឈរជើងការពារទឹកដីពីការឈ្លានពានរបស់យោធាសៀម។
អត្ថបទសរសេរដោយ៖ សុខ វាសនា
កែសម្រួលដោយ៖ ស្រីណា
