កីឡាការិនីគុនខ្មែរ ត្រូវតែពង្រឹងសមត្ថភាព មុនទទួលឱកាសប្រកួត

កីឡាការិនីគុនខ្មែរ ត្រូវតែពង្រឹងសមត្ថភាព មុនទទួលឱកាសប្រកួត

រាជធានីភ្នំពេញ៖ ក្នុងរយៈពេលថ្មីៗនេះ ចំនួនស្ត្រីចូលរួមក្នុងវិស័យកីឡាប្រដាល់គុនខ្មែរ មានការកើនឡើងយ៉ាងខ្លាំង ទាំងក្នុងតួនាទីជាកីឡាករ អាជ្ញាកណ្តាល និងចៅក្រម។

កីឡាការិនីគុនខ្មែរ

ទោះបីជាកីឡាការិនីមិនសូវមានទីផ្សារលើសង្វៀនប្រដាល់ក៏ដោយ ក៏អ្នកជំនាញនិងថ្នាក់ដឹកនាំកីឡាបានលើកទឹកចិត្តឱ្យកីឡាការិនីពង្រឹងសមត្ថភាពខ្លួនឯង ដើម្បីទទួលបានឱកាសប្រកួត ដោយមិនធ្វើឱ្យអ្នករៀបចំកម្មវិធីខកចិត្ត។

ទីផ្សារការប្រកួតរបស់កីឡាការិនីគុនខ្មែរ តាមបណ្តាសង្វៀនប្រដាល់ មានចំនួនតិចតួចនៅឡើយ ហើយសង្វៀនខ្លះក៏មិនបានរៀបចំឱ្យមានគូនារីតែម្តង។ កីឡាការិនីខ្លះ បានសំណូមពរឱ្យបណ្តាស្ថានីយទូរទស្សន៍ និងសង្វៀនផ្តល់ឱកាសឱ្យពួកគេបានប្រកួតយ៉ាងហោចណាស់១ឬ២ប្រកួតក្នុងមួយខែ។

កីឡាការិនីហ្វឹកហាត់

អ្នកជំនាញជឿជាក់ថា ចំនួនស្ត្រីដែលហ្វឹកហាត់គុនខ្មែរ អាចនឹងធ្លាក់ចុះទៅវិញ បើសិនឱកាសប្រកួតរបស់ពួកគេធ្លាក់ចុះជាងនេះ។ អ្វីដែលកីឡាការិនីគុនខ្មែរត្រូវការចាំបាច់នោះគឺការផ្តល់ឱកាសប្រកួតដូចកីឡាករ។

ប៉ុន្តែអ្នកជំនាញបានសំណូមពរឱ្យកីឡាការិនីត្រូវតែពង្រឹងសមត្ថភាពឱ្យខ្លាំង ដើម្បីកុំឱ្យអ្នកផ្តល់ឱកាសខកចិត្ត នៅពេលពួកគេគ្មានសមត្ថភាពគ្រប់គ្រាន់ក្នុងការចាប់យកឱកាសដែលបានផ្តល់ឱ្យ។ កីឡាការិនីត្រូវខំប្រឹងដោយខ្លួនឯង មុននឹងទទួលបានឱកាស។

ផ្នែកមន្ត្រីអាជ្ញាកណ្តាល និងចៅក្រមប្រដាល់ក៏ស្ត្រីមានសមត្ថភាពធ្វើមិនចាញ់បុរសប៉ុន្មានឡើយ ព្រោះពួកគេអាចដឹកនាំការប្រកួតដូចបុរសបាន។ ជាក់ស្តែងស្ត្រីដែលចូលមកហ្វឹកហាត់ធ្វើជាចៅក្រម និងអាជ្ញាកណ្តាលក៏មានការកើនឡើង ហើយគេក៏ឃើញពីប្រសិទ្ធភាពការងាររបស់ក្រុមស្ត្រីអាជ្ញាកណ្តាល និងចៅក្រមទាំងនោះផងដែរ។

administrator

Related Articles