
រាជធានីភ្នំពេញ៖ ក្នុងរយៈពេលត្រឹមតែ៣ថ្ងៃ (៧-១០ មីនា ២០២៦) អាជ្ញាធរកម្ពុជាបានបណ្តេញជនបរទេសចំនួន ៧២៤នាក់ ដែលស្នាក់នៅនិងធ្វើការងារខុសច្បាប់ចេញពីប្រទេស។

យោងតាមអគ្គនាយកដ្ឋានអន្តោប្រវេសន៍ ជនបរទេសទាំងនេះមាន១៥សញ្ជាតិ រួមមានចិន ជប៉ុន ប៉ាគីស្ថាន ឥណ្ឌា យ៉ូហ្គង់ដា ឥណ្ឌូនេស៊ី ចិនតៃវ៉ាន់ កូរ៉េ ហ្វីលីពីន នេប៉ាល់ វៀតណាម បង់ក្លាដេស អេត្យូពី នីហ្សេរីយ៉ា និងកាមេរូន។ ក្នុងនោះមានស្រី១៦៣នាក់។

ជនបរទេសទាំងនេះត្រូវបានបណ្តេញតាមប៉ុស្តិ៍នគរបាលច្រកទ្វារអាកាសយានដ្ឋានអន្តរជាតិតេជោ និងប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិបាវិត។ ពួកគេពាក់ព័ន្ធករណីលួចឆ្លងដែន ស្នាក់នៅគ្មានលិខិតឆ្លងដែន ឆបោកតាមប្រព័ន្ធអនឡាញ ប្រើប្រាស់ទិដ្ឋាការក្លែងក្លាយ និងធ្វើការងារខុសច្បាប់។

ប្រភពបានលើកឡើងថា ការបណ្តេញចេញនេះគឺជាការអនុវត្តតាមវិធានការច្បាប់យ៉ាងម៉ឺងម៉ាត់របស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងកិច្ចខិតខំប្រឹងប្រែងបោសសំអាត និងលុបបំបាត់ឧក្រិដ្ឋកម្មតាមប្រព័ន្ធបច្ចេកវិទ្យា។

ការអនុវត្តនេះធានាការពារសុវត្ថិភាពជូនប្រជាពលរដ្ឋទាំងក្នុងតំបន់ និងសកលលោក ដោយគ្មានការលើកលែងចំពោះមេខ្លោងដែលនៅពីក្រោយ ក៏ដូចជាការជួយសង្គ្រោះជនរងគ្រោះដែលត្រូវមេខ្លោងបោកបញ្ឆោត។

អត្ថបទសរសេរដោយ អ៊ាង ប៊ុនរិទ្ធ
កែសម្រួលដោយ កៀន សុឃាក់
