ភ្នំពេញ៖ ក្រសួងទេសចរណ៍ និងក្រុមហ៊ុនអាកាសយានដ្ឋានអន្តរជាតិ VINCI Airport បានពង្រឹងសហការរួមគ្នា ក្នុងការផ្សព្វផ្សាយសក្តានុពលទេសចរណ៍កម្ពុជាទៅកាន់ពិភពលោក។

កាលពីថ្ងៃទី១០ ខែមីនា ឆ្នាំ២០២៦ លោក ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានទទួលជួបលោក Emmanuel MENANTEAU សមាជិកគណៈកម្មាធិការប្រតិបត្តិក្រុមហ៊ុន VINCI Airport និងជាប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន SCA នៅទីស្តីការក្រសួងទេសចរណ៍។

ក្នុងជំនួបនេះ តំណាងក្រុមហ៊ុនបានរាយការណ៍អំពីសមាសភាពថ្នាក់ដឹកនាំថ្មី និងវឌ្ឍនភាពការអភិវឌ្ឍអាកាសយានដ្ឋាននៅខេត្តព្រះសីហនុ និងអាកាសយានដ្ឋានអន្តរជាតិតេជោ។ ភាគីទាំងពីរក៏បានពិភាក្សាអំពីទស្សនវិស័យទេសចរណ៍ និងផែនការសហការផ្សព្វផ្សាយសក្តានុពលទេសចរណ៍កម្ពុជា។

លោករដ្ឋមន្ត្រី ហួត ហាក់ បានកោតសរសើរ និងថ្លែងអំណរគុណចំពោះក្រុមហ៊ុនដែលបានចូលរួមយ៉ាងសកម្មក្នុងការអភិវឌ្ឍវិស័យអាកាសចរណ៍ និងគាំទ្រដល់ការរីកចម្រើននៃវិស័យទេសចរណ៍កម្ពុជា។

“ការពង្រឹងកិច្ចសហការរវាងវិស័យអាកាសចរណ៍ និងទេសចរណ៍ គឺមានសារៈសំខាន់ខ្លាំងណាស់ក្នុងការលើកកម្ពស់ការតភ្ជាប់អន្តរជាតិ និងអភិវឌ្ឍវិស័យទេសចរណ៍ឱ្យកាន់តែមានចីរភាព និងប្រកួតប្រជែងនៅក្នុងតំបន់” លោករដ្ឋមន្ត្រីបានបញ្ជាក់។

តាមរយៈកិច្ចជំនួបនេះ ភាគីទាំងពីរបានឯកភាពបន្តសហការរៀបចំផែនការសកម្មភាពផ្សព្វផ្សាយសក្តានុពលទេសចរណ៍កម្ពុជា និងពង្រឹងការតភ្ជាប់ផ្លូវអាកាស ដើម្បីទាក់ទាញភ្ញៀវទេសចរអន្តរជាតិមកកាន់កម្ពុជាកាន់តែច្រើន។

ដោយ៖ តារា
