រាជធានីភ្នំពេញ៖ ក្នុងរយៈពេលតែ៧ថ្ងៃ គិតចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី៧ ខែមីនា ឆ្នាំ២០២៦ ប្រទេសកម្ពុជាកំពុងប្រឈមនឹងគ្រោះអគ្គិភ័យដ៏ធ្ងន់ធ្ងរ ដោយមានអគ្គិភ័យឆាបឆេះចំនួន៨ករណីកើតឡើងនៅទូទាំងប្រទេស។

យោងតាមរបាយការណ៍ពីក្រសួងមហាផ្ទៃ គ្រោះអគ្គិភ័យទាំងនេះបានបណ្តាលឱ្យឆេះផ្ទះសំបែងប្រជាពលរដ្ឋចំនួន៧ខ្នង បន្ទប់២បន្ទប់ ព្រៃ១កន្លែង ព្រមទាំងសម្ភារប្រើប្រាស់មួយចំនួនធំ។
ករណីអគ្គិភ័យទាំង៨នេះបានកើតឡើងនៅក្នុងរាជធានីភ្នំពេញ និងខេត្តចំនួន៨ រួមមាន៖ ស្ទឹងត្រែង បន្ទាយមានជ័យ សៀមរាប ត្បូងឃ្មុំ កែប កំពង់ធំ និងស្វាយរៀង។

លោកឧត្តមសេនីយ៍ឯក នេត វន្ថា ប្រធាននាយកដ្ឋាននគរបាលបង្ការ ពន្លត់អគ្គិភ័យ និងសង្គ្រោះ បានឱ្យដឹងថា ក្នុងឆ្នាំ២០២៥ ប្រទេសកម្ពុជាមានគ្រោះអគ្គិភ័យកើតឡើងចំនួន៧៨៧លើក បណ្តាលឱ្យមានមនុស្សស្លាប់៣៦នាក់ របួស៤៦នាក់ និងឆាបឆេះផ្ទះសំបែង៥៩៩ខ្នង។
សមត្ថកិច្ចបានចេញអន្តរាគមន៍ទប់ស្កាត់មិនឱ្យអគ្គិភ័យឆេះរាលដាលក្លាយជាមហន្តរាយធ្ងន់ធ្ងរចំនួន៥៤២លើក និង២៤៥លើកទៀតត្រូវបានអាជ្ញាធរមូលដ្ឋាន និងក្រុមបង្ការអគ្គិភ័យពន្លត់បានទាន់ពេលវេលា។
ដើម្បីបង្ការគ្រោះអគ្គិភ័យ សូមប្រជាពលរដ្ឋទុកដាក់សារធាតុងាយឆេះឱ្យបានត្រឹមត្រូវ ដាក់ឱ្យឆ្ងាយពីប្រភពភ្លើង និងមុនពេលចេញពីផ្ទះត្រូវតែបិទប្រព័ន្ធអគ្គិសនី ពន្លត់ភ្លើងចង្ក្រាន និងឧបករណ៍ប្រើប្រាស់ផ្សេងៗឱ្យបានត្រឹមត្រូវ។
