អាមេរិកសាងសង់រោងចក្រចម្រាញ់ប្រេងថ្មីដំបូងក្នុងរយៈ៥០ឆ្នាំ ដោយទទួលការវិនិយោគពីមហាសេដ្ឋីឥណ្ឌា

អាមេរិកសាងសង់រោងចក្រចម្រាញ់ប្រេងថ្មីដំបូងក្នុងរយៈ៥០ឆ្នាំ ដោយទទួលការវិនិយោគពីមហាសេដ្ឋីឥណ្ឌា

ទីក្រុងវ៉ាស៊ីនតោន៖ លោកប្រធានាធិបតី ដូណាល់ ត្រាំ (Donald Trump) បានប្រកាសថា សហរដ្ឋអាមេរិកនឹងសាងសង់រោងចក្រចម្រាញ់ប្រេងថ្មីមួយកន្លែង ជាលើកដំបូងក្នុងរយៈពេល៥០ឆ្នាំ នៅទីក្រុងប្រោនវីល (Brownsville) រដ្ឋតិចសាស (Texas)។

រោងចក្រចម្រាញ់ប្រេង

ការសាងសង់នេះទទួលបានការវិនិយោគពីក្រុមហ៊ុនយក្ស Reliance Industries របស់កំពូលមហាសេដ្ឋីឥណ្ឌា លោក មូកេស អាំបានី (Mukesh Ambani)។ នេះបើតាមប្រភពពី Reuters និង CNBC បានចេញផ្សាយ។

លោក ត្រាំ បានបញ្ជាក់នៅក្នុងសារមួយនៅលើបណ្តាញសង្គម Truth Social ថា «នេះគឺជាកិច្ចព្រមព្រៀងប្រវត្តិសាស្ត្រតម្លៃ ៣០០ ពាន់លានដុល្លារអាមេរិក ពោលច្រើនបំផុតនៅក្នុងប្រវត្តិសាស្ត្រសហរដ្ឋអាមេរិក»។

ការវិនិយោគរោងចក្រចម្រាញ់ប្រេង

ការប្រកាសរបស់លោក ត្រាំ ធ្វើឡើង ចំពេលបណ្តាអ្នកបើកបរនៅសហរដ្ឋអាមេរិកកំពុងផ្ទុះប្រតិកម្មចំពោះការកើនឡើងតម្លៃប្រេងសាំង បន្ទាប់ពីការចាប់ផ្ដើមសង្គ្រាមរវាងសហរដ្ឋអាមេរិក និងអ៊ីស្រាអែលជាមួយអ៊ីរ៉ង់។

យោងតាមទិន្នន័យក្រុមហ៊ុនទីផ្សារហិរញ្ញវត្ថុសកល LSEG ដែលមានមូលដ្ឋាននៅទីក្រុងឡុងដ៍ ចក្រភពអង់គ្លេស បានបង្ហាញថា ក្រុមហ៊ុន Reliance គឺជាម្ចាស់រោងចក្រចម្រាញ់ប្រេងធំជាងគេបំផុតរបស់ពិភពលោកនៅទីក្រុងចាមណាហ្គា (Jamnagar) រដ្ឋគូចារ៉ាត់ (Gujarat) ប្រទេសឥណ្ឌា និងមានមូលធនទីផ្សាររហូតដល់ ២០៦ ពាន់លានដុល្លារ។

លោក ត្រាំ បានបញ្ជាក់ដែរថា រោងចក្រចម្រាញ់ប្រេងថ្មី ដែលមានទីតាំងនៅកំពង់ផែទីក្រុងប្រោនវីល នឹងពង្រឹងសន្តិសុខជាតិរបស់សហរដ្ឋអាមេរិក ក៏ដូចជាជំរុញការផលិតថាមពលអាមេរិក ជួយដល់សេដ្ឋកិច្ចរាប់ពាន់លានដុល្លារ ហើយក៏នឹងក្លាយជារោងចក្រចម្រាញ់ប្រេងស្អាតបំផុតនៅលើពិភពលោកផងដែរ។

រោងចក្រចម្រាញ់ប្រេងថ្មីនេះ ត្រូវបានរចនាឡើងដើម្បីកែច្នៃប្រេង Shale របស់អាមេរិក ១០០% ហើយកំពុងត្រូវបានបង្កើតឡើងដោយក្រុមហ៊ុន America First Refining ជាមួយសមត្ថភាពចក្រចម្រាញ់បាន ១៦៨ ០០០ បារ៉ែលក្នុង១ថ្ងៃ៕

administrator

Related Articles