ផ្លូវក្រោយផ្សារលើស្អាតវិញ! អាជ្ញាធរក្រុងកំពង់ឆ្នាំងរុះរើតូបលក់ដូរលើផ្លូវសាធារណៈ

ផ្លូវក្រោយផ្សារលើស្អាតវិញ! អាជ្ញាធរក្រុងកំពង់ឆ្នាំងរុះរើតូបលក់ដូរលើផ្លូវសាធារណៈ

ខេត្តកំពង់ឆ្នាំង៖ បន្ទាប់ពីផុតពីពេលវេលាឱសានវាទ អាជ្ញាធរក្រុងកំពង់ឆ្នាំងបានចុះអនុវត្តវិធានការរុះរើតូបលក់ដូរលើផ្លូវសាធារណៈនៅផ្សារលើ ដើម្បីរំដោះផ្លូវក្រោយផ្សារលើឱ្យផុតពីភាពកកស្ទះចរាចរណ៍។

ការរុះរើតូបលក់ដូរនៅផ្សារលើ

លោក ទូច លីហួត អភិបាលរងក្រុងកំពង់ឆ្នាំង បានបញ្ជាក់ថា ការងារនេះត្រូវបានអនុវត្តដោយទទួលបានការណែនាំពីឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ អភិបាលខេត្ត និងលោក ហ៊ីង ភ័ពមីនា អភិបាលក្រុងកំពង់ឆ្នាំង។ លោកបានដឹកនាំកម្លាំងចម្រុះសណ្ដាប់ធ្នាប់ក្រុងកំពង់ឆ្នាំង សហការជាមួយកងកម្លាំងនគរបាលខេត្ត ចុះអនុវត្តវិធានការរដ្ឋបាលចំពោះអាជីវករដែលលក់ដូរលើផ្លូវសាធារណៈចំណុចផ្លូវបំបែកក្រោយផ្សារលើ។

អាជ្ញាធរកំពុងអនុវត្តការងារ

យោងតាមរបាយការណ៍ អាជីវករដែលលក់ដូរលើផ្លូវសាធារណៈបានចូលទៅលក់នៅក្នុងផ្សារលើវិញមានចំនួន១៥០កន្លែង រួមមាន៖ អាជីវករលក់ត្រី៧០កន្លែង អាជីវករលក់មាន់៩កន្លែង អាជីវករលក់សាច់គោ១១កន្លែង អាជីវករលក់បន្លែ៥០កន្លែង និងអាជីវករលក់សាច់មាន់១០កន្លែង។

សម្ភារៈដែលត្រូវបានរឹបអូស

សម្ភារៈដែលត្រូវបានចាប់យករក្សាទុកនៅរដ្ឋបាលក្រុងមានដូចជា៖ ឆ័ត្រ២០ឆ័ត្រ ជើងឆ័ត្រ៣៥ជើង គ្រែដែក១១គ្រែ តុដែក១តុ គ្រែឈើ៣គ្រែ ធុងទឹកកក១ធុង បន្ទះឬស្សីក្រាល២បន្ទះ កៅអីជ័រ១៤កៅអី ធុងស្នោ៤ធុង កញ្ច្រែង២០កញ្ច្រែង កង្ហារ១កង្ហារ រោងដៃ១រោង ចង្ក្រានដុតធ្យូង៣ចង្ក្រាន ជញ្ជីង១ជញ្ជីង ចានដែក៩ចាន និងជ្រុញ៩ជ្រុញ។

ផ្លូវក្រោយផ្សារលើបន្ទាប់ពីសំអាត

ក្នុងប្រតិបត្តិការនេះ អាជ្ញាធរបានទទួលការគាំទ្រពីមហាជន និងប្រជាពលរដ្ឋដែលធ្វើដំណើរជាខ្លាំង ដែលបានថ្លែងអំណរគុណចំពោះការយកចិត្តទុកដាក់របស់អាជ្ញាធរ ដែលធ្វើឱ្យសណ្តាប់ធ្នាប់សាធារណៈមានរបៀបរៀបរយ បង្កលក្ខណៈងាយស្រួលក្នុងការធ្វើដំណើរ និងបញ្ចៀសភាពកកស្ទះ។

ការសហការរវាងអាជ្ញាធរ និងប្រជាពលរដ្ឋ

ការលក់ដូរលើផ្លូវសាធារណៈមិនត្រឹមតែធ្វើឱ្យខូចសោភ័ណភាព និងសណ្តាប់ធ្នាប់ប៉ុណ្ណោះទេ តែថែមទាំងប៉ះពាល់ដល់លំហូរចរាចរណ៍ក្នុងតំបន់ ព្រមទាំងប៉ះពាល់សុវត្ថិភាព និងសតិអារម្មណ៍អ្នកប្រើប្រាស់ផ្លូវសាធារណៈ។

ផ្លូវស្អាតបន្ទាប់ពីការរុះរើ

អាជ្ញាធរក្រុងកំពង់ឆ្នាំងបានអំពាវនាវដល់អាជីវករ និងម្ចាស់ផ្ទះទាំងអស់ឱ្យចូលរួមគោរពតាមការណែនាំ និងសហការជាមួយអាជ្ញាធរ ដើម្បីរក្សាភាពស្អាតស្រស់ និងសារព័ន្ធភាពផ្សារ។

ការងារសំអាតផ្លូវ

អត្ថបទសរសេរដោយ៖ ពៅ សុខហ៊ាន
កែសម្រួលដោយ៖ ធីតា

administrator

Related Articles