រដ្ឋមន្ត្រីការពារជាតិសហរដ្ឋអាមេរិក លោក Pete Hegseth បានប្រកាសថា អាមេរិកកំពុងឈ្នះក្នុងការប្រយុទ្ធវាយប្រហារទៅលើអ៊ីរ៉ង់ ប៉ុន្តែលោកបដិសេធមិនផ្តល់ពេលវេលាកំណត់ណាមួយ និងរបៀបថាតើសង្គ្រាមនេះនឹងបញ្ចប់ទៅដោយរបៀបណានោះទេ។

លោក Hegseth បានសង្កត់ធ្ងន់ថា ការសម្រេចចិត្តទាំងអស់គឺអាស្រ័យលើប្រធានាធិបតី ដូណាល់ ត្រាំ។ ការប្រកាសនេះបានធ្វើឡើងកាលពីថ្ងៃទី១០ ខែមីនា ឆ្នាំ២០២៦។
ប្រមុខមន្ទីរបញ្ចកោណ លោក Hegseth បានប្រាប់អ្នកយកព័ត៌មានថា សហរដ្ឋអាមេរិកកំពុងផ្តោតលើគោលបំណងសំខាន់ៗចំនួនបី រួមមាន៖ ការបន្សាបសមត្ថភាពមីស៊ីលរបស់ទីក្រុងតេហេរ៉ង់ ការបំផ្លាញកងទ័ពជើងទឹក និងការបំផ្លាញទីតាំង និងកម្មវិធីអាវុធនុយក្លេអ៊ែររបស់អ៊ីរ៉ង់ជាអចិន្ត្រៃយ៍។
លោក Hegseth លើកឡើងថា៖ «យើងនឹងមិនចុះចាញ់ឡើយរហូតដល់កម្ចាត់ចោលសត្រូវបានទាំងស្រុង និងឈ្នះយ៉ាងដាច់ខាត។ យើងធ្វើតាមពេលវេលា និងតាមជម្រើសរបស់យើង។ ឧទាហរណ៍ថ្ងៃនេះនឹងក្លាយជាថ្ងៃវាយប្រហារដ៏ខ្លាំងក្លាបំផុតរបស់យើងនៅប្រទេសអ៊ីរ៉ង់ម្តងទៀត»។

ទោះបីជាទីក្រុងវ៉ាស៊ីនតោនបានអះអាងម្តងហើយម្តងទៀតថា អ៊ីរ៉ង់កំពុងត្រូវបានកម្ចាត់ក៏ដោយ មន្រ្តីជាន់ខ្ពស់អ៊ីរ៉ង់សន្យាថានឹងបន្តប្រយុទ្ធប្រឆាំងតបតវិញដោយមិនញញើត និងរង់ចាំការប្រយុទ្ធនៅលើទឹកដីអ៊ីរ៉ង់។
យ៉ាងណាអ៊ីរ៉ង់តែងតែបដិសេធចំពោះការស្វែងរកអភិវឌ្ឍន៍កម្មវិធីអាវុធនុយក្លេអ៊ែរ ហើយអះអាងថាកម្មវិធីនុយក្លេអ៊ែររបស់ខ្លួនគឺសម្រាប់គោលបំណងសន្តិភាព។
បន្ទាប់ពីការវាយប្រហាររបស់សហរដ្ឋអាមេរិកលើរោងចក្រនុយក្លេអ៊ែរសំខាន់ៗជាច្រើនរបស់អ៊ីរ៉ង់ក្នុងខែមិថុនា ឆ្នាំ២០២៥ លោកដូណាល់ ត្រាំបានអះអាងថា សហរដ្ឋអាមេរិកបានបំផ្លាញកម្មវិធីនុយក្លេអ៊ែររបស់អ៊ីរ៉ង់ហើយ។
