ភ្នំពេញ៖ ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈបានប្រកាសពីឱកាសការងារចំនួនជិត២ម៉ឺនកន្លែងនៅខេត្តកំពង់ស្ពឺ សម្រាប់អតីតពលករដែលត្រឡប់មកពីប្រទេសថៃ និងបងប្អូនដែលកំពុងស្វែងរកការងារធ្វើ។

តាមការផ្សព្វផ្សាយរបស់ក្រសួងការងារ គិតត្រឹមថ្ងៃទី០៦ ខែមីនា ឆ្នាំ២០២៤ ខេត្តកំពង់ស្ពឺមានឱកាសការងារចំនួន ១៧,២៥៧ កន្លែង ដែលកំពុងរង់ចាំបងប្អូនអតីតពលករត្រឡប់មកពីប្រទេសថៃ និងអ្នកកំពុងស្វែងរកការងារធ្វើ ភាគច្រើនទាក់ទងនឹងវិស័យឧស្សាហកម្ម។

បើតាមក្រសួងការងារ ដើម្បីទទួលបានឱកាសការងារទាំងនោះ បងប្អូនអតីតពលករត្រឡប់មកពីប្រទេសថៃ និងអ្នកកំពុងស្វែងរកការងារធ្វើ អាចស្វែងរកលេខទំនាក់ទំនង ឈ្មោះរោងចក្រ និងវិស័យដែលខ្លួនពេញចិត្តបាន តាមរយៈខិតបណ្ណការងាររបស់ក្រសួង ដែលបានផ្សព្វផ្សាយយ៉ាងលម្អិត។
ជាមួយគ្នានេះ ក្រៅពីទំនាក់ទំនងផ្ទាល់ជាមួយក្រុមហ៊ុន រោងចក្រ សហគ្រាស អ្នកស្វែងរកការងារទាំងអស់ ជាពិសេសបងប្អូនអតីតពលករ ក៏អាចទាក់ទងមកប្រព័ន្ធទំនាក់ទំនងបន្ទាន់ ១២៩៧ ដើម្បីឱ្យក្រសួងការងារជួយសម្របសម្រួលស្វែងរកការងារជូនផងដែរ។

ការផ្តល់ឱកាសការងារនេះ គឺជាផ្នែកមួយនៃយុទ្ធសាស្ត្ររបស់រដ្ឋាភិបាលក្នុងការទទួលអតីតពលករដែលត្រឡប់មកពីប្រទេសថៃ និងជួយសម្រួលដល់ប្រជាពលរដ្ឋក្នុងការស្វែងរកការងារនៅក្នុងស្រុក។
