ភ្នំពេញ៖ ក្រសួងធនធានទឹក និងឧតុនិយម បានចេញសេចក្ដីជូនដំណឹងពិសេសអំពីស្ថានភាពអាកាសធាតុនៅកម្ពុជា ដោយដាស់តឿនព្រមានពីឥទ្ធិពលរបបខ្យល់មូសុងឦសានដែលកំពុងបក់លើតំបន់សមុទ្រចិនខាងត្បូង អាងទន្លេមេគង្គ និងសមុទ្រកម្ពុជា។

ក្រសួងធនធានទឹកបានបញ្ជាក់ថា ស្ថានភាពអាកាសធាតុនេះនឹងបន្តឥទ្ធិពលពីថ្ងៃទី១១ ដល់ថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២៦ ដោយមានការប្រែប្រួលដូចខាងក្រោម៖
១. តំបន់វាលទំនាប
សីតុណ្ហភាពមធ្យមអប្បបរមា២៣°C និងអតិបរមា៣៥°C។ ខ្យល់បក់មកពីទិសឦសាន និងទិសបូព៌មានល្បឿនមធ្យម៣ម៉ែត្រ/វិនាទី។ ខេត្តបាត់ដំបង ពោធិ៍សាត់ និងតាកែវ អាចមានភ្លៀងធ្លាក់ជាមួយខ្យល់កន្ត្រាក់ និងផ្គររន្ទះគ្របដណ្តប់លើផ្ទៃដី ១០%។ ចំណែកខេត្តបន្ទាយមានជ័យ សៀមរាប ព្រៃវែង កំពង់ធំ កំពង់ឆ្នាំង កំពង់ចាម ត្បូងឃ្មុំ កណ្តាល ស្វាយរៀង និងរាជធានីភ្នំពេញ ពុំមានភ្លៀងធ្លាក់ទេ។

២. តំបន់ខ្ពង់រាប
សីតុណ្ហភាពមធ្យមអប្បបរមា២២°C និងអតិបរមា៣៤°C។ ខ្យល់បក់មកពីទិសឧត្តរ និងទិសឦសានមានល្បឿនមធ្យម ២ម៉ែត្រ/វិនាទី។ ខេត្តកំពង់ស្ពឺ និងប៉ៃលិន អាចមានភ្លៀងធ្លាក់ជាមួយខ្យល់កន្ត្រាក់ និងផ្គររន្ទះគ្របដណ្តប់លើផ្ទៃដី ១០%។ ចំណែកខេត្តឧត្តរមានជ័យ ព្រះវិហារ ក្រចេះ ស្ទឹងត្រែង រតនគិរី មណ្ឌលគិរី ជួរភ្នំដងរែក និងតំបន់ជួរភ្នំក្រវាញ ពុំមានភ្លៀងធ្លាក់ទេ។
៣. តំបន់មាត់សមុទ្រ
សីតុណ្ហភាពមធ្យមអប្បបរមា២៣°C និងអតិបរមា៣៥°C។ ខ្យល់បក់មកពីទិសនិរតី និងទិសអាគ្នេយ៍មានល្បឿនមធ្យម ៣ម៉ែត្រ/វិនាទី។ ខេត្តកោះកុង ព្រះសីហនុ កំពត កែប និងជួរភ្នំបូកគោ អាចមានភ្លៀងធ្លាក់ជាមួយខ្យល់កន្ត្រាក់ និងផ្គររន្ទះគ្របដណ្តប់លើផ្ទៃដី ១៥%។ រលកសមុទ្រមានកម្ពស់មធ្យមអប្បបរមា ០,៥០ម៉ែត្រ និងកម្ពស់មធ្យមអតិបរមា ១,០០ម៉ែត្រ។

ក្រសួងធនធានទឹកបានអំពាវនាវឱ្យប្រជាពលរដ្ឋនៅតំបន់ដែលមានហានិភ័យខ្ពស់ធ្វើការប្រុងប្រយ័ត្ន និងរៀបចំខ្លួនសម្រាប់ការប្រែប្រួលអាកាសធាតុដែលអាចកើតមាន។
ដោយ៖ តារា
