រាជធានីភ្នំពេញ – អគ្គនាយកមជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា (CMAC) បានជួបពិភាក្សាជាមួយតំណាងរដ្ឋាភិបាលជប៉ុន និងទីភ្នាក់ងារ JICA លើគម្រោងសាងសង់អគារសន្តិភាពរាងគ្រាប់មីនធំជាងគេលើលោកនៅរាជធានីភ្នំពេញ។

ការជួបពិភាក្សាបានធ្វើឡើងនៅថ្ងៃទី១០ ខែមីនា ឆ្នាំ២០២៦ នៅទីបញ្ជាការ CMAC ភ្នំពេញ ដោយមានការចូលរួមពីឯកឧត្តម ហេង រតនា អគ្គនាយក CMAC លោក SANUI KAZUMASA ប្រធាន JICA ប្រចាំកម្ពុជា និងតំណាងស្ថានទូតជប៉ុន។
អគារសន្តិភាពនេះនឹងមានរាងជាគ្រាប់មីនប្រឆាំងមនុស្សធំជាងគេលើពិភពលោក ដែលជាសញ្ញានៃការប្តេជ្ញាចិត្តរបស់ប្រទេសទាំងពីរក្នុងការអនុវត្តអនុសញ្ញាអូតាវ៉ា និងការលុបបំបាត់មីន។

អគារនេះនឹងដើរតួជាមជ្ឈមណ្ឌលសិក្សា និងផ្សព្វផ្សាយវប្បធម៌សន្តិភាព ព្រមទាំងពង្រឹងសមត្ថភាពធនធានមនុស្សក្នុងវិស័យកំចាត់មីន។ CMAC ប្តេជ្ញាខិតខំរៀបចំសារមន្ទីរនេះស្របតាមគោលដៅគម្រោង ដើម្បីលើកកម្ពស់ការផ្សព្វផ្សាយវប្បធម៌សន្តិភាព និងកិច្ចសហប្រតិបត្តិការមិត្តភាពល្អរវាងកម្ពុជា-ជប៉ុន។

ការសាងសង់អគារសន្តិភាពនេះជាផ្នែកមួយនៃកិច្ចសហប្រតិបត្តិការយូរអង្វែងរវាងកម្ពុជា និងជប៉ុនក្នុងការដោះស្រាយបញ្ហាមីន និងការពារសន្តិភាពសម្រាប់មនុស្សជាតិ។
