រដ្ឋមន្ត្រីការបរទេសថៃ Sihasak Phuangketkeow បានឆ្លើយតបសំណើរបស់កម្ពុជាក្នុងការរៀបចំកិច្ចប្រជុំគណៈកម្មការចម្រុះខណ្ឌសីមាព្រំដែនគោក (JBC) ដោយលោកអះអាងថា នីតិវិធីនេះត្រូវរង់ចាំរហូតដល់រដ្ឋាភិបាលថៃថ្មីចូលកាន់អំណាចសិន។

តាមការផ្សាយរបស់ Bangkok Post នៅថ្ងៃពុធទី១១ខែមីនាឆ្នាំ២០២៦ លោក Sihasak និយាយថា កិច្ចពិភាក្សាគឺដំណើរការទៅបាន លុះត្រារដ្ឋាភិបាលថ្មីទទួលបានអំណាចនិងបង្ហាញជំហរច្បាស់លាស់។
កាលពីខែមុន ក្រសួងការបរទេសថៃក៏អះអាងដែរថា ខ្លួនត្រូវការពេលវេលាដើម្បីបញ្ចប់នីតិវិធីផ្ទៃក្នុងជាមុនសិន មុនចាប់ផ្តើមចរចា JBC ដែលនឹងអនុញ្ញាតឲ្យភាគីទាំងពីរឯកភាពគ្នាឆ្ពោះទៅរកការបោះបង្គោលព្រំដែនគោក ស្របតាមកិច្ចព្រមព្រៀងនានាដែលភាគីទាំងពីរសម្រេចបាន។

សូមជម្រាបជាថ្មី ក្រោយកិច្ចព្រមព្រៀងបទឈប់បាញ់លើកទី៣របស់គណៈកម្មការព្រំដែនទូទៅ (GBC) ចុះហត្ថលេខាកាលថ្ងៃទី២៧ខែធ្នូ, JBC ភាគីកម្ពុជា បានផ្ញើកំណត់ទូតទៅកាន់សមភាគីថៃរួចហើយ ដើម្បីស្នើរៀបចំកិច្ចប្រជុំពិសេសបន្ទាន់មួយនៅសប្ដាហ៍ទី១ ខែមករា ឆ្នាំ២០២៦ នៅខេត្តសៀមរាបដើម្បីពិភាក្សា និងបន្តការងារវាស់វែងនិងខណ្ឌសីមារវាងប្រទេសទាំងពីរ។
ក្នុងសេចក្ដីប្រកាសព័ត៌មានថ្ងៃទី២៩ខែធ្នូឆ្នាំ២០២៥ រដ្ឋលេខាធិការកិច្ចការព្រំដែនកម្ពុជាបានបញ្ជាក់ថាកិច្ចពិភាក្សានេះនឹងផ្ដោតលើការបន្តចុះអនុវត្តការវាស់វែង និងបោះបង្គោលបណ្ដោះអាសន្នលើដីជាក់ស្ដែងចន្លោះបង្គោលព្រំដែនលេខ ៤២-៤៧ នៅភូមិជោគជ័យ និងព្រៃចាន់ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ និងចន្លោះបង្គោលលេង ៥២-៥៩ ក្នុងភូមិសាស្ត្រឃុំបឹងរាំង និងឃុំកំរៀង ស្រុកកំរៀង ខេត្តបាត់ដំបង៕
អត្ថបទ៖ សុខ សុវណ្ណ
