ពាណិជ្ជកម្មកម្ពុជា-ចិន លើកស្ទួយជាង ៣៤% ក្នុងរយៈពេល ២ ខែដំបូងឆ្នាំ២០២៦

ពាណិជ្ជកម្មកម្ពុជា-ចិន លើកស្ទួយជាង ៣៤% ក្នុងរយៈពេល ២ ខែដំបូងឆ្នាំ២០២៦

ភ្នំពេញ៖ ទំនាក់ទំនងពាណិជ្ជកម្មរវាងកម្ពុជា-ចិន បន្តរីកចម្រើនយ៉ាងរឹងមាំ ដោយសម្រេចបានទំហំជាង ៣,៥៧ ពាន់លានដុល្លារក្នុងរយៈពេល ២ ខែដំបូងនៃឆ្នាំ២០២៦ កើនឡើង ៣៤,៤% បើប្រៀបធៀបនឹងរយៈពេលដូចគ្នាឆ្នាំ២០២៥។

ពាណិជ្ជកម្មកម្ពុជា-ចិន

យោងតាមអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា (GDCE) ក្នុងរយៈពេលខែមករា-កុម្ភៈ ឆ្នាំ២០២៦ កម្ពុជានាំចេញទៅប្រទេសចិនសម្រេចបានជាង ២៩៥ លានដុល្លារ កើនឡើង ៣៥,៧% ខណៈចិននាំចូលមកវិញមានតម្លៃ ៣,២៨ ពាន់លានដុល្លារ កើន ៣៤,២% ដែលនាំឱ្យកម្ពុជាមានឱនភាពពាណិជ្ជកម្ម ២,៩ ពាន់លានដុល្លារ។

អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា អ្នកឧកញ៉ា លឹម ហេង បានឱ្យដឹងនៅថ្ងៃពុធទី១១ ខែមីនា ឆ្នាំ២០២៦ថា៖ «ទំនាក់ទំនងពាណិជ្ជកម្មរវាងកម្ពុជា-ចិន នៅតែមានភាពល្អប្រសើរ។ សេដ្ឋកិច្ចកម្ពុជាក្នុងរយៈពេល ៣០ ឆ្នាំកន្លងមក ការនាំចូលច្រើនជាងការនាំចេញរហូត ប៉ុន្តែកំណើនសេដ្ឋកិច្ចនៅតែរីកចម្រើន»។

អ្នកឧកញ៉ា លឹម ហេង បញ្ជាក់បន្ថែមថា កម្ពុជាកំពុងត្រូវការវត្ថុធាតុដើមផ្នែកកម្មន្តសាល ជាពិសេសពីចិន ដើម្បីផលិត កែច្នៃ ហើយនាំចេញទៅប្រទេសមួយចំនួនទៀតដូចជាទៅសហគមន៍អឺរ៉ុប និងអាមេរិក។

ប្រភេទទំនិញកម្ពុជានាំចេញទៅប្រទេសចិនភាគច្រើនគឺជាផលិតផលកសិកម្ម គ្រឿងសង្ហារឹម គ្រឿងអលង្ការ និងផលិតផលវាយនភណ្ឌ។ ចំណែកទំនិញនាំចូលមកវិញដូចជា វត្ថុធាតុដើមសម្រាប់រោងចក្រ សហគ្រាស ផលិតផលប្រើប្រាស់ប្រចាំថ្ងៃ អាហារ ភេសជ្ជៈ រថយន្ត គ្រឿងម៉ាស៊ីន គ្រឿងសំណង់ គ្រឿងអគ្គិសនី អេឡិចត្រូនិក។

យោងតាមក្រសួងពាណិជ្ជកម្ម នៅក្នុងឆ្នាំ២០២៥ ទំហំពាណិជ្ជកម្មទ្វេភាគីកម្ពុជា-ចិន សម្រេចបាននូវទំហំទឹកប្រាក់ ១៩,៧៣ ពាន់លានដុល្លារ ក្នុងនោះកម្ពុជានាំចេញទៅចិនមានតម្លៃ ១,៦៨ ពាន់លានដុល្លារ ធ្លាក់ចុះ ៣,៦៤% ចំណែកឯចិននាំចូលមកវិញ មានតម្លៃ ១៨ ពាន់លានដុល្លារ កើនឡើង ៣៤,២៩%។

administrator

Related Articles