ភ្នំពេញ៖ ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានប្រកាសថា ខេត្តតាកែវ មានឱកាសការងារជិត ៦,៥៦០ កន្លែង កំពុងរង់ចាំអតីតពលករដែលត្រឡប់មកពីប្រទេសថៃ និងអ្នកកំពុងស្វែងរកការងារធ្វើ។

តាមការផ្សព្វផ្សាយរបស់ក្រសួងការងារ គិតត្រឹមថ្ងៃទី០៦ ខែមីនា ខេត្តតាកែវមានឱកាសការងារចំនួន ៦,៥៦០ កន្លែង ក្នុងវិស័យឧស្សាហកម្ម ដែលកំពុងរង់ចាំបងប្អូនអតីតពលករពីថៃ និងអ្នកស្វែងរកការងារធ្វើ។

ដើម្បីទទួលបានឱកាសការងារទាំងនោះ បងប្អូនអតីតពលករត្រឡប់មកពីប្រទេសថៃ និងអ្នកកំពុងស្វែងរកការងារធ្វើ អាចស្វែងរកលេខទំនាក់ទំនង ឈ្មោះរោងចក្រ និងវិស័យដែលខ្លួនពេញចិត្តបានតាមរយៈខិតបណ្ណការងាររបស់ក្រសួងដែលបានផ្សព្វផ្សាយយ៉ាងលម្អិត។

បើតាមក្រសួងការងារ ក្រៅពីទំនាក់ទំនងផ្ទាល់ជាមួយក្រុមហ៊ុន រោងចក្រ សហគ្រាស អ្នកស្វែងរកការងារទាំងអស់ ជាពិសេសបងប្អូនអតីតពលករ ក៏អាចទាក់ទងមកប្រព័ន្ធទំនាក់ទំនងបន្ទាន់ ១២៩៧ ដើម្បីឱ្យក្រុមការងារក្រសួង ជួយសម្របសម្រួល ស្វែងរកការងារជូនផងដែរ។
