
ភាពចលាចលនយោបាយនៅថៃបន្តគំរាមកំហែងដល់ដំណើរការបង្កើតរដ្ឋាភិបាលថ្មី បន្ទាប់ពីការបោះឆ្នោតសកលដែលបញ្ចប់ទៅជាងមួយខែមកហើយ។ ស្ថានភាពបច្ចុប្បន្នបង្ហាញពីភាពជាប់គាំងយ៉ាងធ្ងន់ធ្ងរ ដោយមានជម្លោះផ្ទៃក្នុងកើតឡើងរវាងគណបក្សនយោបាយ។
គណបក្សភូមិចៃថៃរបស់លោកអានុទីន ឆាន់វីរៈគុល ទទួលបានជ័យជម្នះក្នុងការបោះឆ្នោតថ្នាក់ជាតិ ប៉ុន្តែត្រូវបានគេចោទប្រកាន់ពីការទិញសំឡេងឆ្នោត និងការក្លែងបន្លំលទ្ធផល។

គណបក្ស Klatham ដែលធ្លាប់ជាសម្ព័ន្ធមិត្តជិតស្និទ្ធរបស់គណបក្សភូមិចៃថៃ បានប្រកាសយ៉ាងដាច់អហង្ការថា ខ្លួននឹងធ្វើជាគណបក្សប្រឆាំង។ លោក Pai Leeke អគ្គលេខាធិការបក្ស Klatham លើកឡើងថា៖ «ប្រសិនបើពិតជាមានបំណងចង់បន្តធ្វើការងារជាមួយគ្នាមែន វាមិនគួរណាមានភាពស្ងប់ស្ងាត់ដល់ថ្នាក់នេះទេ»។

ទន្ទឹមនោះ គណបក្សប្រជាជនបានអំពាវនាវឲ្យផ្តល់តម្លៃដល់លទ្ធផលប្រជាមតិ និងបន្តសម្រេចការងារលើការតាក់តែងរដ្ឋធម្មនុញ្ញថ្មី។ បក្សនេះព្រមានថា រាល់ការយឺតយ៉ាវគឺជាការមើលរំលងឆន្ទៈរបស់ពលរដ្ឋ។
សភាថ្មីរបស់ថៃនឹងត្រូវបើកជាផ្លូវការនៅថ្ងៃទី១៤ខែមីនា ដោយគណបក្សភូមិចៃថៃទទួលបានអាសនៈចំនួន១៩១ ក្នុងចំណោមអាសនៈសរុប៥០០។ សភានឹងជួបប្រជុំគ្នានៅថ្ងៃទី១៥ខែមីនា ដើម្បីបោះឆ្នោតជ្រើសរើសប្រធាន និងអនុប្រធានសភា៕
អត្ថបទ៖ សុខ សុវណ្ណ
