គ្រោះថ្នាក់ចរាចរណ៍ព្រឹកព្រលឹម យុវជន២នាក់បុករថយន្តខូចចតលើផ្លូវជាតិ៦A ស្លាប់ម្នាក់រងរបួសម្នាក់

គ្រោះថ្នាក់ចរាចរណ៍ព្រឹកព្រលឹម យុវជន២នាក់បុករថយន្តខូចចតលើផ្លូវជាតិ៦A ស្លាប់ម្នាក់រងរបួសម្នាក់

គ្រោះថ្នាក់ចរាចរណ៍

រាជធានីភ្នំពេញ៖ យុវជនម្នាក់បានបោកក្បាលស្លាប់នៅកន្លែង និងម្នាក់ទៀតរងរបួសធ្ងន់ ក្រោយពីជិះម៉ូតូបុកពីក្រោយរថយន្តមួយគ្រឿងដែលខូចឈប់ចតលើដងផ្លូវ។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងនៅវេលាម៉ោង៤និង៣០នាទីព្រឹក ថ្ងៃទី១១ខែមិនា ឆ្នាំ២០២៦ នៅតាមបណ្ដោយផ្លូវជាតិលេខ៦A ក្នុងភូមិក្តីចាស់ សង្កាត់បាក់ខែង ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។

ទីកន្លែងកើតហេតុ

យុវជនរងគ្រោះពុំស្គាល់អត្តសញ្ញាណឡើយ ជិះម៉ូតូម៉ាក់ហុងដា ធុនសេ១២៥ ពាក់ស្លាកលេខភ្នំពេញ១MB៦៦៥៤។ ចំណែករថយន្តម៉ាកហ៊ីយ៉ាន់ដាយ ពណ៌បៃតង ពាក់ស្លាកលេខភ្នំពេញ៣A-៤០៩៩ អ្នកបើកបរពុំស្គាល់អត្តសញ្ញាណឡើយបានគេចខ្លួនបាត់។

តាមព័ត៌មានបានឱ្យដឹងថា នៅមុនពេលកើតហេតុ ជនរងគ្រោះពីរនាក់បានជិះម៉ូតូមួយគ្រឿងខាងលើធ្វើដំណើរចេញពីរាជធានីភ្នំពេញ ក្នុងទិសដៅពីជើងទៅត្បូង។ នៅពេលធ្វើដំណើរមកដល់ចំណុចកើតហេតុក៏បានបុកពីក្រោយរថយន្តមួយគ្រឿងខាងលើដែលខូចកំពុងឈប់ចតនៅលើដងផ្លូវ ដោយពុំបានបំពាក់ភ្លើងសញ្ញា។

រថយន្តរងគ្រោះ

នៅក្នុងគ្រោះថ្នាក់ ជនរងគ្រោះបើកបុកពេញទំហឹង បណ្ដាលឱ្យយុវជនម្នាក់បោកក្បាលស្លាប់នៅនឹងកន្លែង និងម្នាក់ទៀតបានរងរបួសធ្ងន់ត្រូវបានបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យ។

បន្ទាប់ពីកើតហេតុ អ្នកបើកបររថយន្តបានគេចខ្លួនបាត់ ហើយនគរបាលមូលដ្ឋានក៏បានទាក់ទងនគរបាលចរាចរណ៍ចុះទៅវាស់វែងរួចនាំយករថយន្តនិងម៉ូតូបញ្ជូនទៅកាន់ការិយាល័យចរាចរណ៍ផ្លូវគោកនៃស្នងការនគរបាលរាជធានីភ្នំពេញដើម្បីដោះស្រាយ។

administrator

Related Articles