ខេត្តក្រចេះ៖ លោក វ៉ា ថន អភិបាលខេត្តក្រចេះ បានចេញបទបញ្ជាច្បាស់លាស់ដល់ប៉ុស្តិ៍នគរបាលទាំងអស់ដែលស្ថិតនៅតាមបណ្តោយមាត់ទន្លេ ឲ្យដកខ្លួនឲ្យឆ្ងាយពីទីតាំងបច្ចុប្បន្ន ដើម្បីការពារកុំឲ្យមានការជាប់ពាក់ព័ន្ធក្នុងបទល្មើសនេសាទខុសច្បាប់។

ក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែកុម្ភៈ និងលើកទិសដៅបន្ត នាថ្ងៃទី១១ ខែមីនា ឆ្នាំ២០២៦ លោកអភិបាលបានសង្កត់ធ្ងន់ថា៖ “បណ្តាប៉ុស្តិ៍នគរបាលដែលនៅជាប់បណ្តោយមាត់ទន្លេ ត្រូវដកខ្លួនឲ្យឆ្ងាយ កុំឲ្យមានបញ្ហាជាប់ពាក់ព័ន្ធបទល្មើសនេសាទឲ្យសោះ។ ក្នុងករណីរកឃើញត្រូវចាត់វិធានការ និងដកហូតតំណែងភ្លាមៗ។”
លោកបានណែនាំដល់គណៈបញ្ជាការឯកភាពខេត្ត ស្រុក ឲ្យយកចិត្តទុកដាក់ជាប្រចាំលើបទល្មើសគ្រប់ប្រភេទ ជាពិសេសបញ្ហាគ្រឿងញៀន ក្មេងទំនើង និងបទល្មើសឆបោកតាមប្រព័ន្ធឌីជីថល ដែលត្រូវចាត់វិធានការយ៉ាងតឹងរឹងបំផុត។

ចំណែកឯបញ្ហាសន្តិសុខ លោកអភិបាលបានជម្រុញឲ្យអាជ្ញាធរមានសមត្ថកិច្ចយកចិត្តទុកដាក់ ចុះពិនិត្យយាមល្បាតជាប់ប្រចាំ និងអនុវត្តតាមនីតិវិធីច្បាប់យ៉ាងតឹងរ៉ឹង។ កិច្ចប្រជុំនេះបានធ្វើឡើងនៅសាលប្រជុំកាំពីសាលាខេត្តក្រចេះ ដោយមានការចូលរួមពីមន្ត្រីជាន់ខ្ពស់រដ្ឋបាលខេត្ត។
អត្ថបទ៖ ប្រុញ វិធិន
