ភ្នំពេញ÷ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា បានចេញសេចក្តីថ្លែងការណ៍យ៉ាងខ្លាំងក្លានៅរសៀលថ្ងៃទី១១ ខែមីនា ដោយគំរាមកំហែងពលរដ្ឋរបស់រដ្ឋអធិបតេយ្យមួយ។

សម្តេចបានសរសេរនៅលើបណ្ដាញសង្គមថា៖ “ប៉ុន្មានថ្ងៃនេះមានការជជែកលើរឿងក្មួយស្រីកន្និដ្ឋា ដែលចេញមកបញ្ចេញមតិលើរឿងដែលថាអាមេរិកអាចមកចាប់បងប្អូនខ្មែរឥស្លាម ដែលកាន់សាសនាបែបអ៊ីរ៉ង់នៅកម្ពុជា។”
សម្តេចបន្តថា៖ “ខ្ញុំមិនគួរចូលពាក់ព័ន្ធជាមួយរឿងនេះទេ ប៉ុន្តែបើខ្ញុំមិនទប់ស្កាត់ទេ រឿងនេះវារីកកាន់តែធំ ព្រោះអ្វីដែលកន្និដ្ឋាលើកឡើងវាមានចរិតជាការគំរាមកំហែងមកលើពលរដ្ឋនៃរដ្ឋអធិបតេយ្យមួយ ដែលសូម្បីរដ្ឋាភិបាលអាមេរិកក៏ប្រហែលជាមិនហ៊ាននិយាយពាក្យនេះផង។”

សម្តេចបានព្រមានបន្ថែមអំពីគ្រោះថ្នាក់នៃការបែងចែកនិកាយសាសនាក្នុងសាសនាឥស្លាម និងការបែងចែកសាសនាផ្សេងគ្នានៅកម្ពុជា។ សម្តេចបានសង្កត់ធ្ងន់ថា៖ “អ្វីដែលគួរឲ្យខ្លាចគឺសង្គ្រាមអាវុធតែអ្វីដែលគួរឲ្យខ្លាចជាងទៀត គឺសង្គ្រាមសាសនានេះឯង។”
សម្តេចបានលើកឡើងពីបេសកកម្មរបស់ខ្លួនក្នុងការធ្វើសុខដុមនីយកម្មជាតិសាសន៍ និងសាសនា ដោយបញ្ជាក់ថា៖ “ជាង៤៧ឆ្នាំនៃការចូលរួមកាន់អំណាចនៅកម្ពុជា ខ្ញុំខិតខំធ្វើសុខដុមនីយកម្មជាតិសាសន៍ និងសាសនា ដែលធ្វើឲ្យគ្មានជម្លោះជាតិសាសន៍ និងសាសនានៅកម្ពុជានោះឡើយ។”

