វ៉ាស៊ីនតោន៖ រដ្ឋបាលរបស់អតីតប្រធានាធិបតី ដូណាល់ ត្រាំ បានបដិសេធការផ្តល់ជូនពីប្រធានាធិបតីអ៊ុយក្រែន វ៉ូឡូឌីមៀរ ហ្សេលេនស្គី កាលពីឆ្នាំមុន ដែលជាបច្ចេកវិទ្យាការពារប្រឆាំងនឹងយន្តហោះដ្រូនអ៊ីរ៉ង់។ ឥឡូវនេះ អាមេរិកកំពុងស្វែងរកទិញបច្ចេកវិទ្យាដូចគ្នានេះវិញ។

ការផ្តល់ជូននេះបានកើតឡើងក្នុងអំឡុងពេលដំណើរទស្សនកិច្ចរបស់លោកហ្សេលេនស្គីទៅកាន់វ៉ាស៊ីនតោនកាលពីខែសីហាឆ្នាំមុន ដោយរួមមានបទបង្ហាញ PowerPoint ដែលបង្ហាញថា បច្ចេកវិទ្យានេះអាចការពារកងកម្លាំងអាមេរិក និងសម្ព័ន្ធមិត្តក្នុងករណីមានជម្លោះនៅមជ្ឈិមបូព៌ា។
រដ្ឋបាលរបស់លោកត្រាំកាលណោះបានបដិសេធសំណើរបស់ទីក្រុងកៀវក្នុងការផ្គត់ផ្គង់ដ្រូន«ស្ទាក់ចាប់» ដែលមានតម្លៃថោក និងសាកល្បងក្នុងសមរភូមិ ហើយក្រុមត្រាំបានបង្ហាញការយល់ឃើញថា គំនិតផ្តួចផ្តើមនេះជា «ការផ្សព្វផ្សាយខ្លួនឯងហួសហេតុ»។

ទោះជាយ៉ាងណាក៏ដោយ អាមេរិកបានត្រឡប់ការសម្រេចចិត្តរបស់ខ្លួនកាលពីសប្តាហ៍មុន បន្ទាប់ពីការវាយប្រហារដោយយន្តហោះគ្មានមនុស្សបើកពីអ៊ីរ៉ង់បានកើតឡើងច្រើនជាងការរំពឹងទុក ហើយសម្លាប់ទាហានអាមេរិកយ៉ាងហោច៨នាក់ និងត្រូវបានរាយការណ៍ថា មានរបួសរហូតដល់ជាង១៤០នាក់។
យោងតាមមន្ត្រីអាមេរិក២រូប ដែលបានបង្ហាញទៅកាន់ភ្នាក់ងារ Axios បានអះអាងថា «ការបដិសេធសំណើរបស់អ៊ុយក្រែនត្រូវបានចាត់ទុកថា ជាកំហុសយុទ្ធសាស្ត្រដ៏ធំបំផុតមួយរបស់រដ្ឋបាល»។
បច្ចុប្បន្នអ៊ុយក្រែនត្រូវបានចាត់ទុកថាជាប្រទេសដែលមានបទពិសោធន៍ច្រើនជាងគេបំផុតក្នុងពិភពលោក ក្នុងការប្រយុទ្ធប្រឆាំងនឹងយន្តហោះគ្មានមនុស្សបើក «Shahed»។ អ៊ុយក្រែនបានបង្កើតយន្តហោះគ្មានមនុស្សបើកស្ទាក់ចាប់ដែលមានតម្លៃទាប រួមជាមួយនឹងប្រព័ន្ធចាប់សញ្ញា និងការពារដែនអាកាសផ្សេងទៀត។

អត្ថបទ៖ សាង ស្រីល័ក្ខ
