ប្រធានាធិបតី Macron ដឹកនាំកិច្ចប្រជុំ G7 បន្ទាន់ ដើម្បីបង្ក្រាបវិបត្តិថាមពលពិភពលោក

ប្រធានាធិបតី Macron ដឹកនាំកិច្ចប្រជុំ G7 បន្ទាន់ ដើម្បីបង្ក្រាបវិបត្តិថាមពលពិភពលោក

ប្រធានាធិបតីបារាំង លោក Emmanuel Macron នឹងរៀបចំកិច្ចពិភាក្សាតាមទូរសព្ទជាមួយបណ្តាមេដឹកនាំនៃក្រុមប្រទេស G7 នៅថ្ងៃពុធទី១១ខែមីនានេះ ដើម្បីដោះស្រាយវិបត្តិដែលកំពុងបន្តនៅក្នុងប្រទេសអ៊ីរ៉ង់ និងភាពមិនច្បាស់លាស់នៃទីផ្សារថាមពល។

វិបត្តិអ៊ីរ៉ង់ និងបារាំង

តាមការផ្សាយរបស់រ៉យទ័រ កិច្ចប្រជុំកំពូលនេះធ្វើឡើងបន្ទាប់ពីទីផ្សារប្រេងជួបភាពរញ្ជួយយ៉ាងខ្លាំង ដោយតម្លៃប្រេងបានហក់ឡើងខ្ពស់បំផុតក្នុងរយៈពេល៤ឆ្នាំកាលពីថ្ងៃចន្ទ ប៉ុន្តែបែរជាធ្លាក់ចុះមកវិញចំនួន១១ភាគរយ កាលពីថ្ងៃអង្គារ បន្ទាប់ពីលោកប្រធានាធិបតី ដូណាល់ ត្រាំ បានបង្ហាញភាពជឿជាក់ថា សង្រ្គាមនេះនឹងបញ្ចប់ក្នុងពេលឆាប់ៗ។

រដ្ឋាភិបាលនៃក្រុមប្រទេស G7 ដែលរួមមាន សហរដ្ឋអាមេរិក កាណាដា ជប៉ុន អ៊ីតាលី អង់គ្លេស អាល្លឺម៉ង់ និង បារាំង កំពុងពិចារណាលើការឆ្លើយតបរួមគ្នា ចំពោះការហក់ឡើងនៃតម្លៃប្រេងដែលបង្កឡើងដោយសង្រ្គាមរវាងសហរដ្ឋអាមេរិក-អ៊ីស្រាអែល និងអ៊ីរ៉ង់។

កិច្ចប្រជុំ G7 ដើម្បីដោះស្រាយវិបត្តិថាមពល

កាលពីថ្ងៃអង្គារ រដ្ឋមន្ត្រីថាមពល G7 បានបដិសេធអនុញ្ញាតឲ្យមានការបញ្ចេញប្រេងបម្រុងជាបន្ទាន់នោះទេ ដោយពួកគេសម្រេចចិត្តរង់ចាំការវាយតម្លៃស្ថានភាពជាផ្លូវការពីទីភ្នាក់ងារថាមពលអន្តរជាតិជាមុនសិន។

ដើម្បីបង្ការកុំឲ្យមានការរំខានបន្ថែមទៀតដល់ការផ្គត់ផ្គង់ប្រេងទូទាំងពិភពលោក មន្ត្រីអាមេរិកកំពុងពិចារណាលើវិធានការការពារសុវត្ថិភាពនៅច្រកសមុទ្រ Hormuz។ ជំហានដែលអាចកើតមាន រួមមានការផ្តល់កងនាវាអមដំណើរសម្រាប់នាវាពាណិជ្ជកម្ម និងការធានារ៉ាប់រងលើហានិភ័យសង្រ្គាមសម្រាប់នាវាដឹកប្រេង។

បច្ចុប្បន្ន ប្រទេសបារាំង គឺជាប្រធានប្តូរវេននៃក្រុម G7 និងកំពុងដឹកនាំការសម្របសម្រួលរវាងប្រទេសជាសមាជិកទាំងអស់។

administrator

Related Articles