ខេត្តកំពង់ស្ពឺ – រដ្ឋបាលខេត្តកំពង់ស្ពឺបានប្រកាសរៀបចំពិធីប្រណាំងរទេះសាឡីគោលឿនឆ្នាំ២០២៦ ដែលនឹងប្រារព្ធឡើងនៅថ្ងៃទី៥ ខែមេសា ឆ្នាំ២០២៦ នៅភូមិស្លោទី១ សង្កាត់រការធំ ក្រុងច្បារមន។

យោងតាមសេចក្តីជូនដំណឹងផ្លូវការ ពិធីនេះត្រូវបានរៀបចំឡើងដោយការសហការរវាងមន្ទីរវប្បធម៌និងវិចិត្រសិល្បៈខេត្តកំពង់ស្ពឺ រដ្ឋបាលខេត្ត សហភាពសហព័ន្ធយុវជនកម្ពុជាខេត្តកំពង់ស្ពឺ រដ្ឋបាលក្រុងច្បារមន និងសមាគមរទេះសាឡីគោលឿនខេត្តកំពង់ស្ពឺ។

ពិធីនេះនឹងចាប់ផ្តើមនៅម៉ោង ៨:០០ ព្រឹក ថ្ងៃអាទិត្យ ទី៥ មេសា ឆ្នាំ២០២៦។ គោលបំណងចម្បងគឺដើម្បីអភិរក្ស លើកស្ទួយ អភិវឌ្ឍ និងផ្សព្វផ្សាយប្រពៃណីប្រណាំងរទេះសាឡីគោលឿនដែលជាបេតិកភណ្ឌវប្បធម៌ដ៏មានតម្លៃរបស់ខ្មែរ។

តាមប្រវត្តិសាស្ត្រ រទេះសាឡីគោដើមឡើយត្រូវបានប្រើប្រាស់សម្រាប់ដឹកជញ្ជូនបណ្ណាការក្នុងពិធីអាពាហ៍ពិពាហ៍ និងដឹកជញ្ជូនអ្នកចាស់ទុំចូលរួមក្នុងពិធីបុណ្យប្រពៃណីផ្សេងៗ។ ក្រោយមកទៀត អ្នកភូមិបានផ្តួចផ្តើមគំនិតបង្កើតពិធីប្រណាំងរទេះសាឡីគោនេះនៅតាមភូមិ សហគមន៍ រហូតដល់ទីប្រជុំជន។

មន្ទីរវប្បធម៌និងវិចិត្រសិល្បៈខេត្តកំពង់ស្ពឺសង្ឃឹមថា ពិធីប្រណាំងរទេះសាឡីគោលឿនឆ្នាំ២០២៦នេះនឹងមានប្រជាពលរដ្ឋចូលរួមទស្សនាយ៉ាងច្រើនកុះករ ដើម្បីអបអរមុនពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិនឹងឈានចូលមកដល់។




ពិធីនេះគឺជាឱកាសល្អសម្រាប់ប្រជាពលរដ្ឋទាំងអស់គ្នាចូលរួមទស្សនា និងស្គាល់ពីប្រពៃណីវប្បធម៌ដ៏មានតម្លៃនេះរបស់ជាតិ។
