រាជធានីភ្នំពេញ៖ កម្ពុជាបន្តរក្សាស្ថានភាពជាគោលដៅទេសចរណ៍ដ៏មានសុវត្ថិភាព និងភាពកក់ក្ដៅបំផុតសម្រាប់ភ្ញៀវទេសចរអន្តរជាតិ នេះបើយោងតាមការបញ្ជាក់របស់ក្រសួងទេសចរណ៍។

ទោះបីជាពិភពលោកកំពុងប្រឈមមុខនឹងបញ្ហាប្រឈមជាច្រើន រួមមានការប្រែប្រួលយ៉ាងឆាប់រហ័សនៃស្ថានភាពនយោបាយភូមិសាស្ត្រ និងសន្តិសុខក្នុងតំបន់ ការប្រែប្រួលអាកាសធាតុ ជំងឺឆ្លងនានា និងបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា កម្ពុជានៅតែបន្តរក្សាបានយ៉ាងរឹងមាំនូវសន្តិភាព សន្តិសុខ សុវត្ថិភាព និងសណ្តាប់ធ្នាប់សង្គមល្អប្រសើរ។
តាមរយៈការប្ដេជ្ញាចិត្តដ៏មោះមុតរបស់រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំប្រកបដោយភាពស្វាហាប់ ឈ្លាសវៃ និងប៉ិនប្រសប់របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី និងកិច្ចសហការយ៉ាងស្អិតរមួតរវាងក្រសួង ស្ថាប័ន ភាគីអន្តរជាតិ ផ្នែកឯកជន បានបន្តអនុវត្តវិធានការយ៉ាងម៉ឺងម៉ាត់ក្នុងការទប់ស្កាត់ និងបង្ក្រាបបទល្មើសគ្រប់ប្រភេទ។

ក្រសួងទេសចរណ៍សូមអំពាវនាវដល់ភ្ញៀវទេសចរទាំងអស់ដែលស្រឡាញ់ប្រទេសកម្ពុជា បន្តធ្វើដំណើរទស្សនាក្នុងព្រះរាជាណាចក្រកម្ពុជា ប្រកបដោយទំនុកចិត្តពេញលេញ អារម្មណ៍សុវត្ថិភាព និងភាពកក់ក្ដៅ។ កម្ពុជាជាទឹកដីអច្ឆរិយៈពោរពេញដោយសម្បត្តិ បេតិកភណ្ឌវប្បធម៌ដ៏សម្បូរបែប ទេសភាពធម្មជាតិដ៏ស្រស់ស្អាត សង្គមប្រកបដោយសុខដុមនីយកម្ម និងប្រជាជនមានភាពរួសរាយរាក់ទាក់។
