ភ្នំពេញ៖ កូរ៉េខាងជើងបានចេញផ្សាយរូបថតដ៏គួរឱ្យចាប់អារម្មណ៍មួយសន្លឹក នៃយុវតី Kim Ju-ae កូនស្រីរបស់មេដឹកនាំកូរ៉េខាងជើងលោក គីម ជុងអ៊ុន កំពុងបាញ់កាំភ្លើងខ្លីជាមួយឪពុក។

ព្រឹត្តិការណ៍នេះកើតឡើងក្នុងអំឡុងពេលលោកគីមចុះត្រួតពិនិត្យរោងចក្រ «ផលិតគ្រាប់រំសេវធំ» ដែលជាកន្លែងផលិតកាំភ្លើងខ្លីថ្មី និងអាវុធធុនស្រាលអាចចល័តផ្សេងៗទៀត។
ទីភ្នាក់ងារសារព័ត៌មានផ្លូវការរបស់កូរ៉េខាងជើង KCNA បានរាយការណ៍ថា លោកគីម និងកូនស្រីវ័យជំទង់បានសាកល្បងកាំភ្លើងខ្លីជាមួយគ្នានៅទីនោះ។ ពួកគេទាំងពីរនាក់ស្លៀកពាក់អាវស្បែកពណ៌ខ្មៅដូចគ្នា ក្នុងពេលដែល Ju-ae និងមន្ត្រីយោធាកំពុងសាកល្បងកាំភ្លើង។

លោកគីមបានសម្តែងការពេញចិត្តយ៉ាងខ្លាំងចំពោះ «គុណភាពដ៏ល្អឥតខ្ចោះ» នៃកាំភ្លើងដែលផលិតចេញពីរោងចក្រកូរ៉េខាងជើងនេះ។ លោកបានលើកឡើងថា «រោងចក្រនេះដើរតួនាទីយ៉ាងសំខាន់ក្នុងការកែលម្អប្រសិទ្ធភាពប្រយុទ្ធរបស់កងទ័ព»។
អ្នកវិភាគយល់ឃើញថា នេះជា «សញ្ញាណនៃការបង្ហាញអំណាចកូនស្រី» និងការត្រៀមខ្លួនសម្រាប់ជំនាន់ក្រោយ។ នេះជាលើកទីពីរហើយក្នុងរយៈពេលពីរសប្តាហ៍កន្លងមក ដែលទីក្រុងព្យុងយ៉ាងបានបង្ហោះរូបភាពរបស់ Ju-ae និងឪពុកកំពុងសាកល្បងបាញ់កាំភ្លើង។

លោក Lim Eul-chul អ្នកជំនាញខាងកូរ៉េខាងជើងនៅសាកលវិទ្យាល័យ Kyungnam ក្នុងប្រទេសកូរ៉េខាងត្បូង បានអះអាងថា ឈុតឆាកបាញ់ប្រហារនេះច្បាស់ណាស់ថា នាងកំពុងបណ្ដុះគុណសម្បត្តិរបស់មេដឹកនាំយោធាម្នាក់។
