ភ្នំពេញ – មេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន បានធ្វើការបាញ់សាកល្បងមីស៊ីលយុទ្ធសាស្ត្រថ្មីមួយទៀតពីនាវាពិឃាត Choe Hyon នៅពេលដែលកូរ៉េខាងត្បូង និងសហរដ្ឋអាមេរិកកំពុងចាប់ផ្ដើមសមយុទ្ធយោធាប្រចាំឆ្នាំរួមគ្នា។

យោងតាមអង្គការព័ត៌មានកណ្ដាលកូរ៉េ (KCNA) ដែលបានរាយការណ៍នៅថ្ងៃពុធទី១១មីនា លោក គីម ជុងអ៊ុន បានត្រួតពិនិត្យការបាញ់សាកល្បងជាមួយកូនស្រីរបស់លោក គីម ជូអេ។ មេដឹកនាំកូរ៉េខាងជើងបានសង្កត់ធ្ងន់ពីសារៈសំខាន់នៃការរក្សា និងពង្រីក «ការទប់ស្កាត់សង្គ្រាមនុយក្លេអ៊ែរដ៏មានឥទ្ធិពល និងអាចទុកចិត្តបាន»។
លោក គីម បានថ្លែងថា៖ «សមាសធាតុនៃប្រព័ន្ធទប់ស្កាត់សង្គ្រាមរបស់យើងឥឡូវនេះ កំពុងត្រូវបានរួមបញ្ចូលនៅក្នុងប្រព័ន្ធប្រតិបត្តិការដ៏ទំនើបក្នុងលក្ខណៈប្រកបដោយប្រសិទ្ធភាព និងបង្កើនល្បឿនជាបន្តបន្ទាប់ ហើយកងកម្លាំងនុយក្លេអ៊ែរក្នុងប្រទេសបានផ្លាស់ប្ដូរទៅដំណាក់កាលនៃប្រតិបត្តិការចម្រុះ»។
មេដឹកនាំកូរ៉េខាងជើងបានសម្ដែងការពេញចិត្តចំពោះការសាកល្បងនេះ ដែលបានផ្ទៀងផ្ទាត់ភាពជឿជាក់នៃប្រព័ន្ធគ្រប់គ្រងរួមបញ្ចូលគ្នានៃអាវុធយុទ្ធសាស្ត្រ និងឧត្តមភាពនៃប្រព័ន្ធប្រយុទ្ធរួមបញ្ចូលគ្នារបស់នាវាពិឃាត។
ការបាញ់សាកល្បងនេះបានកើតឡើងក្នុងពេលដែលទីក្រុងសេអ៊ូល និងវ៉ាស៊ីនតោនបានចាប់ផ្ដើមសមយុទ្ធ «Freedom Shield» កាលពីថ្ងៃចន្ទសម្រាប់រយៈពេល១១ថ្ងៃ។ កូរ៉េខាងជើងបានថ្កោលទោសសមយុទ្ធយោធារួមគ្នារបស់សម្ព័ន្ធមិត្តកូរ៉េខាងត្បូងថាជា «ការហាត់សមញុះញង់សម្រាប់សង្គ្រាម និងឈ្លានពាន»។
អត្ថបទ៖ សាង ស្រីល័ក្ខ
