ភ្នំពេញ៖ នគរបាលខណ្ឌទួលគោក បានឃាត់ខ្លួនជនសង្ស័យម្នាក់ ក្រោយពីធ្វើសកម្មភាពចូលលួចទ្រព្យសម្បត្តិក្នុងហាងកាហ្វេមួយ នៅយប់មិញ។ ការចាប់ខ្លួននេះ បានធ្វើឡើងក្នុងរយៈពេលតិចជាង ១០ម៉ោងបន្ទាប់ពីកើតហេតុ។

ជនសង្ស័យ ឈ្មោះ ជា សុភ័ក្រ អាយុ៤១ឆ្នាំ ត្រូវបានឃាត់ខ្លួននៅថ្ងៃទី១១ ខែមីនា ឆ្នាំ២០២៦ វេលាម៉ោងប្រហែល០៨:៣០នាទីព្រឹក នៅលើផ្លូវរថភ្លើង ភូមិ២ សង្កាត់ស្រះចក ខណ្ឌដូនពេញ។
តាមការបញ្ជាក់ពី លោកវរសេនីយ៍ទោ នាក់ សាន អធិការង ទទួលផែនការងារព្រហ្មទណ្ឌ បានឱ្យដឹងថា បន្ទាប់ពីទទួលបានពាក្យបណ្តឹងពីជនរងគ្រោះ នគរបាលជំនាញបានធ្វើការស្រាវជ្រាវយ៉ាងរហ័ស ហើយឃាត់ខ្លួនជនសង្ស័យបានក្នុងរយៈពេលខ្លី។

សម្ភារៈដែលបាត់បង់រួមមាន៖ ទូគិតលុយ១គ្រឿង, Laptop ពណ៌ខ្មៅ១គ្រឿង, ហ្គីតា១គ្រឿង, តុនិងកៅអី២ឈុត, លុយ៥០០ដុល្លារ និងភេសជ្ជៈមួយចំនួន។ តម្លៃសរុបប្រមាណ ១,៧៥០ដុល្លារ។
ហេតុការណ៍នេះបានកើតឡើងនៅថ្ងៃទី១១ ខែមីនា វេលាម៉ោងប្រហែល០២:២៨នាទីយប់ នៅហាងកាហ្វេ THE PEACE ផ្ទះលេខ៧B ផ្លូវលេខ៦០៨ ក្រុមទី១០២ ភូមិ២២ សង្កាត់បឹងកក់ទី២ ខណ្ឌទួលគោក។

បច្ចុប្បន្ន ជនសង្ស័យកំពុងត្រូវឃាត់ខ្លួនជាបណ្ដោះអាសន្ននៅអធិការដ្ឋាននគរបាលខណ្ឌទួលគោក ដើម្បីសាកសួរនិងចាត់ការតាមនីតិវិធី។

