ខេត្តកំពង់ស្ពឺ៖ បុរសម្នាក់ដែលជាប្ដីត្រូវបានកម្លាំងនគរបាលស្រុកគងពិសីឃាត់ខ្លួន បន្ទាប់ពីប្រពន្ធរបស់គាត់បានប្ដឹងពីការប្រើអំពើហិង្សាក្នុងគ្រួសារ។

ហេតុការណ៍នេះកើតឡើងនៅថ្ងៃទី១១ ខែមីនា ឆ្នាំ២០២៦ នៅក្នុងភូមិសម្តេចឪ ឃុំព្រៃញាតិ ស្រុកគងពិសី។ បុរសដែលត្រូវឃាត់ខ្លួនមានឈ្មោះ សាន់ យ៉ា អាយុ២៤ឆ្នាំ ជាកម្មកររោងចក្រ រីឯប្រពន្ធរងគ្រោះមានឈ្មោះ ភឹម ហឿន អាយុ២៤ឆ្នាំដែរ។
តាមការបញ្ជាក់ពីនគរបាលស្រុកគងពិសី ហេតុការណ៍ចាប់ផ្ដើមពីថ្ងៃទី១០ ខែមីនា នៅវេលាម៉ោង៧:៤០យប់ នៅពេលដែលប្រពន្ធបានទៅហៅប្ដីដែលកំពុងផឹកស៊ីនៅផ្ទះជិតខាង។ ប្រពន្ធបានហៅប្ដីឱ្យត្រឡប់មកផ្ទះវិញ ដោយសារតែព្រឹកឡើងត្រូវទៅធ្វើការងារ ប៉ុន្តែប្ដីមិនបានត្រឡប់មកជាមួយនាងទេ។

បន្ទាប់មកនៅវេលាម៉ោង៧:៥០យប់ ប្ដីបានត្រឡប់មកផ្ទះវិញ ហើយចាប់ផ្ដើមខឹងនឹងប្រពន្ធ។ គាត់បានស្ដីឱ្យប្រពន្ធថា៖ “ឯងអត់ចង់ឱ្យខ្ញុំរាប់អានញាតិមែន! បានទៅហៅអញនៅមុខគេមុខឯងចឹង។”
បន្ទាប់ពីការឈ្លោះគ្នា បុរសនេះបានទាញកាំបិតផ្គាក់កាប់បំផ្លាញទៅលើបន្លែដែលទិញមកទុកស្ល កាប់ម៉ូតូ និងរបស់សម្ភារដែលដាក់នៅលើគ្រែឱ្យខ្ទេចខ្ទីរពេញផ្ទះ។ បន្ទាប់មកទៀត គាត់បានដេញវាយប្រពន្ធរបស់គាត់ បណ្ដាលឱ្យបែកបបូរមាត់ហូរឈាម ហើយបានគំរាមថានឹងសម្លាប់ចោល។
ក្រោយពីទទួលបានព័ត៌មាន កម្លាំងនគរបាលជំនាញស្រុកគងពិសីបានសហការជាមួយប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំព្រៃញាតិ និងកម្លាំងប្រជាការពារដើម្បីឃាត់ខ្លួនជនសង្ស័យ។ ឥឡូវនេះជនសង្ស័យត្រូវបានបញ្ជូនទៅអធិការដ្ឋាននគរបាលស្រុកគងពិសីសម្រាប់សួរនាំ និងកសាងសំណុំរឿងបញ្ជូនបន្តទៅការិយាល័យជំនាញនៃស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺ ដើម្បីចាត់ការតាមផ្លូវច្បាប់។
សរសេរដោយ៖ អ៊ំ ណូន
កែសម្រួលដោយ៖ ស្រីណា
