ភ្នំពេញ៖ អ្នកសារព័ត៌មានអន្តរជាតិពីស្ថាប័នធំៗជាច្រើន បានចុះផ្ទាល់ទៅកាន់ទីតាំងបង្ក្រាបអំពើឆបោកតាមអនឡាញ (Scams Online) នៅក្នុងរាជធានីភ្នំពេញ កាលពីថ្ងៃទី១០ ខែមីនា ឆ្នាំ២០២៦។

ក្រុមអ្នកសារព័ត៌មានមកពីស្ថាប័នដូចជា Associated Press (AP), Agence France-Presse (AFP), Reuters, Phoenix Satellite TV, Nippon Media និង European Pressphoto Agency (EPA) បានចុះទៅផ្ទាល់នៅអគារ Golden One ជាន់ទី៣០ ផ្លូវលេខ៣៦០ សង្កាត់ទួលស្វាយព្រៃទី១ ខណ្ឌបឹងកេងកង ដើម្បីផ្ដិតយករូបភាព និងព័ត៌មានអំពីប្រតិបត្តិការបង្ក្រាបនេះ។

សមត្ថកិច្ចបានឃាត់ខ្លួនជនសង្ស័យសរុបចំនួន ៦៥ នាក់ (ស្រី ២៧ នាក់) ដែលមានទាំងជនជាតិចិន និងខ្មែរ។ ក្នុងនោះ សមត្ថកិច្ចបានរកឃើញវត្ថុតាងជាច្រើន រួមមានកុំព្យូទ័រ ALL in One ៨៩ គ្រឿង, Monitor ១ គ្រឿង, CPU ០១ គ្រឿង និងទូរសព្ទ័ ៣៨៤ គ្រឿង។

ប្រតិបត្តិការនេះធ្វើឡើងក្រោមការដឹកនាំផ្ទាល់ពីឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងឯកឧត្តមឧត្តមសេនីយ៍ឯក ជួន ណារិន្ទ ស្នងការនគរបាលរាជធានីភ្នំពេញ។

តាមការស៊ើបអង្កេតបឋម ក្រុមជនសង្ស័យបានប្រើប្រាស់ទីតាំងនៅកម្ពុជាដើម្បីធ្វើអំពើឆបោកតាមអនឡាញទៅកាន់ប្រទេសផ្សេងៗ តាមរយៈការលួងលោមបែបស្នេហា និងការអូសទាញឱ្យវិនិយោគក្នុងគម្រោងក្លែងក្លាយ។

ចាប់ពីខែមករា រហូតដល់ថ្ងៃទី១០ ខែមីនា ឆ្នាំ២០២៦ សមត្ថកិច្ចបានបង្ក្រាបទីតាំងសរុបចំនួន ៦៥ កន្លែង និងឃាត់ខ្លួនជនសង្ស័យសរុប ៨៨៧ នាក់ (ស្ត្រី ២៣៣ នាក់)។ ក្នុងចំណោមនេះ មានជនជាតិបរទេសពី ១៦ សញ្ជាតិផ្សេងគ្នា ចំនួន ៥៥៦ នាក់។

សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បានប្ដេជ្ញាចិត្តបោសសម្អាតអំពើឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាចេញពីកម្ពុជានៅត្រឹមខែមេសា ឆ្នាំ២០២៦។ សម្ដេចបានបញ្ជាក់ថា កម្ពុជាមិនមែនជាកន្លែងសម្រាប់ឧក្រិដ្ឋជនបច្ចេកវិទ្យាឡើយ។

បច្ចុប្បន្ន ជនសង្ស័យ និងវត្ថុតាងត្រូវបានប្រគល់ជូនសមត្ថកិច្ចជំនាញដើម្បីអនុវត្តនីតិវិធីច្បាប់ និងបន្តស៊ើបអង្កេតដើម្បីរកមេខ្លោងពាក់ព័ន្ធ។









រាល់បុគ្គល ឬអង្គភាពណាដែលពាក់ព័ន្ធនឹងអំពើឆបោកទាំងនេះ នឹងត្រូវប្រឈមមុខនឹងទោសទណ្ឌខ្ពស់បំផុត ដោយគ្មានការយោគយល់ណាមួយឡើយ។
