ភ្នំពេញ៖ សម្តេចឃួន សុដារី ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា បានដាស់តឿនពីភាពចាំបាច់ក្នុងការពង្រឹងសមត្ថភាពជាតិ និងបង្កើនស្មារតីម្ចាស់ការក្នុងយុគសម័យដ៏ស្មុគស្មាញនាពេលបច្ចុប្បន្ន។

ក្នុងសិក្ខាសាលាស្តីពី«ការពង្រឹងភាពធន់ជាតិ វិទ្យាសាស្ត្រ បច្ចេកវិទ្យា នវនុវត្តន៍ឧស្សាហកម្ម និងពាណិជ្ជកម្មកម្ពុជា» នាព្រឹកថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៦ នៅវិមានរដ្ឋសភា សម្តេចបានចង្អុលបង្ហាញថា៖ «ឈរលើបរិបទនៃវិបត្តិដ៏គួរឱ្យបារម្ភនេះ កម្ពុជាដាច់ខាតត្រូវតែពង្រឹងខ្លួនឯង ឱ្យកាន់តែខ្លាំងក្លា និងបង្កើនស្មារតីម្ចាស់ការ ពឹងផ្អែកលើខ្លួនឯងឱ្យបានខ្ពស់បំផុត»។
សម្តេចបានបញ្ជាក់ថា៖ «យើងត្រូវយល់ថា គ្មាននរណាម្នាក់អាចការពារ និងរក្សាអនាគត និងជោគវាសនារបស់យើង បានល្អជាងខ្លួនយើងផ្ទាល់នោះឡើយ សមដូចពុទ្ធភាសិតថា «អត្តា ហិ អត្តនោ នាថោ (ខ្លួនទីពឹងខ្លួន)»។

សម្តេចបានលើកឡើងថា ភាពធន់ជាតិគឺជាសមត្ថភាពដ៏រឹងមាំរបស់ជាតិក្នុងការទប់ទល់រាល់វិបត្តិ ដែលកើតឡើងជាយថាហេតុ ក៏ដូចជាការស្តារឡើងវិញនូវស្ថានភាពជាតិឱ្យមានភាពល្អប្រសើរដោយឆាប់រហ័ស។
«យើងចាំបាច់ត្រូវតែកសាងសមត្ថភាពការពារជាតិឱ្យមានភាពរឹងមាំ និងមានភាពធន់ខ្ពស់ ដើម្បីបង្កើនអានុភាពនៃការបង្ការ ការពារ រារាំង ទប់ទល់ និងប្រឆាំង ចំពោះចេតនាបង្ខិតបង្ខំ ឬការប៉ុនប៉ងឈ្លានពានណាមួយពីសំណាក់សត្រូវមកលើមាតុភូមិរបស់យើង»។
ក្នុងយុគសម័យដ៏ស្មុគស្មាញនេះ សន្តិសុខសេដ្ឋកិច្ច និងសន្តិសុខជាតិ ត្រូវតែដើរទន្ទឹមគ្នា និងរួមជាធ្លុងមួយ។ សម្តេចបានគូសបញ្ជាក់ពីសារៈសំខាន់នៃគោលនយោបាយពាណិជ្ជកម្ម-វិនិយោគ ឧស្សាហកម្ម អភិបាលកិច្ចឌីជីថល ថាមពល និងឧស្សាហកម្មការពារជាតិ ដែលសុទ្ធសឹងតែជា«ឧបករណ៍ ឬអាវុធយុទ្ធសាស្ត្រ»ដ៏មានសារៈសំខាន់។
អត្ថបទសរសេរដោយ អ៊ាង ប៊ុនរិទ្ធ
កែសម្រួលដោយ ធីតា
