រាជធានីភ្នំពេញ៖ បន្ទាប់ពីមានការទាមទារពីកម្មករ-កម្មការិនី ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានចូលដោះស្រាយបញ្ហាយ៉ាងលឿនរហ័ស ធ្វើឱ្យកម្មករទាំងអស់នៃរោងចក្រហេន ៧ ហ្គាម៉ិន បានវិលត្រឡប់ចូលធ្វើការជាធម្មតាវិញនៅព្រឹកថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៦។

លោក ស៊ុន មេសា អ្នកនាំពាក្យក្រសួងការងារ បានឱ្យដឹងថា៖ «ការដោះស្រាយបញ្ហារបស់កម្មករ-កម្មការិនីនេះ ត្រូវបានធ្វើឡើងយ៉ាងលឿនរហ័សក្រោមការយកចិត្តទុកដាក់ខ្ពស់ពីមន្ត្រីជាន់ខ្ពស់ក្រសួង។ រាល់បញ្ហានានារបស់កម្មករនិយោជិត ក្រសួងតែងតែយកចិត្តទុកដាក់ដោះស្រាយដោយប្រកបដោយប្រសិទ្ធភាព»។

រោងចក្រហេន ៧ ហ្គាម៉ិន ដែលមានទីតាំងស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ៣ ភូមិទឹកថ្លា សង្កាត់ក្រាំងពង្រ ខណ្ឌដង្កោ បានដំណើរការជាធម្មតាវិញបន្ទាប់ពីការទាមទារត្រូវបានដោះស្រាយចប់សព្វគ្រប់។ អ្នកនាំពាក្យក្រសួងការងារបានអះអាងថា កម្មករនិយោជិតទាំងអស់អាចប្តឹង ឬផ្តល់ដំណឹងមកលេខ Hotline “១២៨៦” ដើម្បីឱ្យមន្ត្រីជំនាញរបស់ក្រសួងដោះស្រាយបញ្ហាជូន។
