
ទីក្រុងតេហេរ៉ង់ – រដ្ឋមន្ត្រីក្រសួងកីឡា និងយុវជនអ៊ីរ៉ង់ លោក Ahmad Donyamali បានប្រកាសជាផ្លូវការថា អ៊ីរ៉ង់នឹងមិនចូលរួមប្រកួតក្នុងព្រឹត្តិការណ៍បាល់ទាត់ពិភពលោកឆ្នាំ២០២៦ (FIFA World Cup 2026) ដោយសារស្ថានភាពសង្គ្រាម និងការគំរាមកំហែងពីសហរដ្ឋអាមេរិក។
ការប្រកាសនេះធ្វើឡើងក្រោយពីសហរដ្ឋអាមេរិក និងអ៊ីស្រាអែលបានវាយប្រហារលើប្រទេសនេះ ដោយសម្លាប់មេដឹកនាំកំពូល លោកអាយ៉ាតូឡា អាលី ខាមេនី។ អ៊ីរ៉ង់បានឆ្លើយតបដោយការបាញ់មីស៊ីល និងដ្រូនទៅកាន់អ៊ីស្រាអែល និងប្រទេសដទៃទៀតដែលមានមូលដ្ឋានទ័ពអាមេរិក។

លោក Donyamali បានថ្លែងក្នុងបទសម្ភាសន៍ជាមួយប្រព័ន្ធផ្សព្វផ្សាយ IRIB ថា៖ «ដោយសាររដ្ឋាភិបាលពុករលួយនេះ (អាមេរិក) បានធ្វើឃាតមេដឹកនាំរបស់យើង ដូច្នេះទោះក្នុងកាលៈទេសៈណាក៏ដោយ យើងគ្មានលក្ខខណ្ឌសមស្របដើម្បីចូលរួមក្នុងព្រឹត្តិការណ៍បាល់ទាត់ពិភពលោកនោះទេ។ កីឡាកររបស់យើងមិនមានសុវត្ថិភាពទេ ហើយលក្ខខណ្ឌសម្រាប់ការចូលរួមក៏មិនមានដែរ។»
តាមកាលវិភាគប្រកួត World Cup 2026 ដែលសហរដ្ឋអាមេរិក កាណាដា និងម៉ិកស៊ិកធ្វើម្ចាស់ផ្ទះរួមគ្នា អ៊ីរ៉ង់ស្ថិតក្នុងពូល G ត្រូវជួបជាមួយនូវែលសេឡង់ បែលហ្ស៊ិក និងអេហ្ស៊ីប។ ការប្រកួតទាំងនេះត្រូវធ្វើឡើងនៅទីក្រុងឡូសអាន់ជឺឡេស និងស៊ីថល សហរដ្ឋអាមេរិក។
ជាការគួរឱ្យចាប់អារម្មណ៍ថា កាលពីថ្ងៃទី១១ ខែមីនា លោក Gianni Infantino ប្រធាន FIFA បានឱ្យដឹងថា ប្រធានាធិបតីសហរដ្ឋអាមេរិក លោកដូណាល់ ត្រាំ បានប្រាប់លោកថា លោកស្វាគមន៍អ៊ីរ៉ង់ក្នុងការប្រកួតប្រជែងពានរង្វាន់ World Cup 2026។ ប៉ុន្តែការសម្រេចចិត្តចុងក្រោយរបស់អ៊ីរ៉ង់បានបង្ហាញពីភាពខុសគ្នាយ៉ាងខ្លាំង។
លោក Donyamali បានបន្ថែមថា៖ «នៅក្នុងរយៈពេល ៨ ឬ ៩ ខែកន្លងមកនេះ សង្គ្រាម២ត្រូវបានដាក់មកលើយើង ហើយប្រជាជនយើងរាប់ពាន់នាក់ត្រូវបានសម្លាប់ និងរងទុក្ខបុកម្នេញ។ ដូច្នេះយើងពិតជាមិនមានលទ្ធភាពសម្រាប់ការចូលរួមនោះទេ។»
អត្ថបទសរសេរដោយ វិរៈបុត្រ
កែសម្រួលដោយ ធីតា
