កងឆ្មាំបដិវត្តន៍អ៊ីរ៉ង់ (IRGC) បានអះអាងថា ខ្លួនបានចាប់ផ្តើមប្រតិបត្តិការវាយប្រហារសងសឹកដ៏ខ្លាំងក្លា និងធ្ងន់ធ្ងរបំផុតពេញមួយយប់ ទៅគោលដៅមូលដ្ឋានទ័ព និងទ្រព្យសម្បត្តិរបស់សហរដ្ឋអាមេរិក និងអ៊ីស្រាអែល។

យោងតាមប្រព័ន្ធផ្សព្វផ្សាយរដ្ឋអ៊ីរ៉ង់ ការវាយប្រហារនេះបានធ្វើឡើងជារលកជាបន្តបន្ទាប់ដោយមានគោលបំណងធ្វើឱ្យសត្រូវចុះចាញ់ទាំងស្រុង។ កងកម្លាំង IRGC បានប្រកាសថា៖ «យើងនឹងបញ្ចប់សង្គ្រាមនៅពេលដែលស្រមោលនៃសង្គ្រាមត្រូវបានដកចេញពីប្រទេស»។
តាមការផ្សាយរបស់ ABC កាលពីថ្ងៃទី១១ ខែមីនា ឆ្នាំ២០២៦ រលកនៃការវាយប្រហារដែលអ៊ីរ៉ង់បានលើកឡើង មានគោលបំណងដៅលើគោលដៅសហរដ្ឋអាមេរិក និងអ៊ីស្រាអែល រួមមានការបាញ់មីស៊ីលប្រហែល៣ម៉ោង ដោយមានទាំងមីស៊ីលម៉ាក «Khorramshahr» ជាប្រភេទមីស៊ីលបាលីស្ទិកផ្លោងរយៈចម្ងាយមធ្យម។

ចំណែកកងកម្លាំងការពារជាតិអ៊ីស្រាអែលបាននិយាយលើប្រព័ន្ធផ្សព្វផ្សាយសង្គមថា ខ្លួនបានរកឃើញមីស៊ីលបាញ់ចេញពីអ៊ីរ៉ង់ឆ្ពោះទៅអ៊ីស្រាអែល ដោយប្រព័ន្ធការពារប្រទេសអ៊ីស្រាអែលកំពុងតតាំងបំផ្លាញមីស៊ីលទាំងនោះ។
ក្រសួងការពារជាតិទាំងអារ៉ាប់រួមនិងបារ៉ែន បានព្រមានប្រជាជននៅព្រឹកថ្ងៃពុធ ថាការគំរាមកំហែងនានាគឺអាចកើតមាន។ អាជ្ញាធរអារ៉ាប់រួមបានបង្ហោះលើប្រព័ន្ធផ្សព្វផ្សាយសង្គមថា៖ «ក្រសួងការពារជាតិអះអាងថាសំឡេងដែលឮគឺជាលទ្ធផលនៃការស្ទាក់ចាប់មីស៊ីល និងយន្តហោះគ្មានមនុស្សបើករបស់ប្រព័ន្ធការពារដែនអាកាសអារ៉ាប់»។
