
រាជធានីភ្នំពេញ៖ តារាកំប្លែងដ៏ល្បីល្បាញ នាយ ក្រិន កំពុងជួបប្រទះស្ថានភាពគ្រោះថ្នាក់ដល់ជីវិត បន្ទាប់ពីរលាកត្រចៀករាលដាលទៅប៉ះពាល់ប្រព័ន្ធប្រសាទ ធ្វើឱ្យលោកវង្វេងលែងដឹងខ្លួន។

ដំណឹងដ៏គួរឱ្យបារម្ភនេះត្រូវបានចែករំលែកដោយតារាសម្ដែងលោក សាវីន ហ្វីលីព តាមរយៈបណ្ដាញសង្គម កាលពីថ្ងៃទី១០ ខែមីនា ឆ្នាំ២០២៦។ លោកបានបង្ហោះរូបភាពនាយ ក្រិន កំពុងដេកសម្រាកព្យាបាលនៅក្នុងមន្ទីរពេទ្យ ដោយបញ្ជាក់ថា ស្ថានភាពរបស់នាយ ក្រិន មានលក្ខណៈធ្ងន់ធ្ងរ។

តាមការបញ្ជាក់ពីកូនរបស់នាយ ក្រិន ជំងឺត្រចៀករបស់លោកបានរាលដាលទៅដល់ប្រព័ន្ធប្រសាទ ធ្វើឱ្យលោកវង្វេងវង្វាន់មិនដឹងអ្វី ហើយមេរោគបានឡើងពេញឈាម។ លោកកំពុងត្រូវការព្យាបាលដោយប្រើថ្នាំធ្ងន់ ដែលមានការចំណាយប្រមាណជាង១០០ដុល្លារក្នុងមួយថ្ងៃ។

លោក សាវីន ហ្វីលីព បានបញ្ជាក់ថា លោកនិងនាយ ក្រិន មិនមានជាប់ពាក់ព័ន្ធអ្វីគ្នាឡើយ ប៉ុន្តែដោយសារលោកមើលឃើញពីភាពលំបាករបស់នាយ ក្រិន ក្នុងការបីបាច់ថែរក្សាកូន៣នាក់ ទើបលោកជួយតាមលទ្ធភាព។

លោកបានបង្រៀនឱ្យនាយ ក្រិន ចេះរកលុយតាមយូធូប ដើម្បីដោះបំណុលប្រមាណ១០ម៉ឺនដុល្លារ។ បច្ចុប្បន្ន នាយ ក្រិន អាចដោះបំណុលគេនៅសល់តែប្រមាណជា២ម៉ឺនដុល្លារទៀតប៉ុណ្ណោះ ដោយសារការខិតខំប្រឹងប្រែងរកប្រាក់ពីយូធូប និងការចិញ្ចឹមមាន់ទា និងដាំបន្លែបង្ការ។

ដោយសារស្ថានភាពធ្ងន់ធ្ងរនេះ លោក សាវីន ហ្វីលីព និងក្រុមគ្រួសារនឹងបញ្ចូននាយ ក្រិន មកព្យាបាលនៅក្នុងមន្ទីរពេទ្យអង្គឌួង ដើម្បីការពារជីវិតរបស់លោក។

