ភ្នំពេញ ៖ នាព្រឹកថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៦ លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត បានអញ្ជើញជាអធិបតីក្នុងពិធីអបអរសាទរខួបលើកទី១១៥ នៃទិវាអន្តរជាតិនារី ៨ មីនា ឆ្នាំ២០២៦ ដែលមានគោលបំណងជំរុញសន្តិភាពយូរអង្វែងសម្រាប់ស្ត្រី។

លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត បានលើកឡើងថា៖ “ថ្ងៃនេះ យើងដើររួមគ្នាដើម្បីសន្តិភាពយូរអង្វែងសម្រាប់យើងទាំងអស់គ្នា។ រាល់ជំហានរបស់យើងជាជំហានដែលនិយាយថាយើងជ្រើសរើសសន្តិភាពជំនួសឱ្យអំពើហិង្សា សាមគ្គីភាពជំនួសឱ្យការបែកបាក់ ក្តីសង្ឃឹមជំនួសឱ្យការភ័យខ្លាច។”

លោកជំទាវបន្តថា៖ “ជាជំហានដែលនិយាយថាយើងមិនទុកឱ្យស្ត្រី កុមារីនិងគ្រួសារណាម្នាក់ឈរតែម្នាក់ឯងនៅពេលលំបាកឡើយ។ នាងខ្ញុំសូមអំពាវនាវដល់បងប្អូនជនរួមជាតិ សូមបន្តរួមគ្នាលើកកម្ពស់វប្បធម៌សន្តិភាព អហិង្សា ការគោរពឱ្យតម្លៃគ្នាទៅវិញទៅមក និងដោយសេចក្តីថ្លៃថ្នូរ។”

ពិធីនេះបានប្រព្រឹត្តទៅក្នុងអាកាសធាតុពោរពេញដោយក្តីសង្ឃឹម និងសាមគ្គីភាព ដោយមានការចូលរួមពីតំណាងស្ត្រី អង្គការសង្គមស៊ីវិល និងអ្នកពាក់ព័ន្ធផ្សេងៗទៀត។


ទិវាអន្តរជាតិនារី ៨ មីនា គឺជាឱកាសសំខាន់ក្នុងការលើកតម្កើងសិទ្ធិស្ត្រី និងជំរុញសមភាពយេនឌ័រ ដោយមានការប្រារព្ធពិធីនៅទូទាំងពិភពលោក។


ដោយ៖ សិលា
